ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល ព្រមានប្រធានាធិបតីតួកគីថា អាចនឹងត្រូវបញ្ចប់ដូច សាដាម ហ៊ូសេន ប្រសិនបើ ព្យាយាមធ្វើអន្តរាគមន៍ ក្នុងសង្គ្រាម ហ្គាហ្សា

បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានព្រមានថា ប្រធានាធិបតីតួកគី Recep Tayyip Erdogan អាចនឹងបញ្ចប់ដូចការផ្តួលរំលំ និងប្រហារជីវិតមេដឹកនាំអ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន ប្រសិនបើគាត់ (Erdogan) ព្យាយាមធ្វើអន្តរាគមន៍ក្នុងសង្គ្រាម ហ្គាហ្សា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ លោក Erdogan កំពុងប្តូរការគំរាមកំហែងជាមួយមន្ត្រីអ៊ីស្រាអែល ចំពេលប្រតិបត្តិការរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ក៏ដូចជាភាពតានតឹងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធដែលមានមូលដ្ឋាននៅលីបង់។ ថ្លែងនៅឯការជួបជុំមួយក្នុងទីក្រុង Rize ដែលជាស្រុកកំណើតរបស់គាត់ លោក Erdogan បាននិយាយថា តួកគី អាច “ចូល” អ៊ីស្រាអែល ដើម្បីជួយប៉ាឡេស្ទីន។

លោក Erdogan បាននិយាយថា “យើងត្រូវតែខ្លាំង ដើម្បីកុំឱ្យអ៊ីស្រាអែល ធ្វើរឿង គួរឱ្យអស់សំណើចទាំងនេះ ចំពោះប៉ាឡេស្ទីន” ។ កាលពីមុនលោក Erdogan បានថ្កោលទោសសកម្មភាព របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ទៅនឹងពួកណាស៊ីអាល្លឺម៉ង់ ហើយបានប្រដូចនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ទៅ Adolf Hilter ថែមទៀត។

លោក Katz ដែលជារដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែល បានឆ្លើយតបជាមួយ នឹងការព្រមានផ្ទាល់ខ្លួន របស់គាត់នៅលើ X (អតីត Twitter) ដោយបានសរសេរថា ” Erdogan កំពុងដើរតាមផ្លូវរបស់ សាដាម ហ៊ូសេន ហើយនឹងការគំរាម វាយប្រហារ អ៊ីស្រាអែល” ដោយលោកបន្ថែមថា មេដឹកនាំតួកគី “គួរតែចងចាំនូវអ្វី ដែលបានកើត ឡើងនៅទីនោះ និងរបៀបដែលវាបញ្ចប់” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top