ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ កក្កដា បានទទួលជួបពិភាក្សាការងារ ជាមួយលោក LEUNG Chun Ying ប្រធានមូលនិធិ GX និងជាអនុប្រធានគណៈកម្មាធិការជាតិ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន លើគម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ។


នាឱកាសនៃជំនួប លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រវិស័យសុខាភិបាលកម្ពុជានាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។

ជាការឆ្លើយតប លោកប្រធានមូលនិធិ GX បានសម្តែងនូវការអរគុណជូនចំពោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។

ភាគីទាំងពីរ បានពិភាក្សានិងឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ ដែលគម្រោងនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកំពស់ប្រព័ន្ធសេវាសុខាភិបាល ឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជាពិសេស មូលនិធិ GX ដែលបានចូលរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា៕
