ព័ត៌មានអន្តរជាតិ

តុលាការថៃ ផ្តន្ទាទោសសកម្មជន នយោបាយមួយរូប អាយុ២៦ឆ្នាំ ដាក់ពន្ធនាគារ២ឆ្នាំ ករណីប្រមាថព្រះមហាក្សត្រ

Pongpat Wongyala

បរទេស៖ សកម្មជននយោបាយ គឺលោក Parit “Penguin” Chiwarak នៅថ្ងៃពុធនេះ គឺត្រូវបានកាត់ទោសកំបាំងមុខឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ នៅក្នុងឆ្នាំ២០២១ ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំបូងឡើយ តុលាការព្រហ្មទណ្ឌ បានសម្រេចផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេល ៣ ឆ្នាំ បន្ទាប់មកបន្ថយមកត្រឹម ២ ឆ្នាំ ដោយសារគាត់បានផ្តល់ សក្ខីកម្មដ៏មានប្រយោជន៍ ក្នុងសំណុំរឿង។

សេចក្តីសម្រេចត្រូវបានធ្វើឡើង ដោយកំបាំងមុខ។ Parit អាយុ ២៦ ឆ្នាំបានខកខានក្នុងការបង្ហាញខ្លួននៅតុលាការចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា។ ចៅក្រមបានចេញដីកាចាប់ខ្លួន ហើយលក្ខន្តិកៈនៃការកំណត់ក្នុងករណីនេះមានរយៈពេល ១០ ឆ្នាំ។

លោក Parit ត្រូវបានចោទប្រកាន់ជុំវិញការបញ្ចេញមតិ លើទំព័រហ្វេសប៊ុករបស់លោកពីថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១។ ថ្ងៃទី ២៨ ខែកក្កដា ជាថ្ងៃចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ ។ យ៉ាងណាក៏ដោយ លោក Parit មុននេះបានអះអាងថា គណនី Facebook របស់លោក ត្រូវបានគេលួចចូល ។ តុលាការបានច្រានចោលអំណះអំណាងនេះ ដោយនិយាយថា គាត់បានបរាជ័យ ក្នុងការដកការបង្ហោះដែលប្រមាថ នោះចេញក្រោយមក។

អតីតនិស្សិតវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យ Thammasat គឺជាមេដឹកនាំម្នាក់ នៃបាតុកម្មគាំទ្រ លទ្ធិប្រជាធិបតេយ្យ ដែលបានចាប់ផ្តើម នៅពាក់កណ្តាលឆ្នាំ ២០២០។ លោកកំពុងប្រឈម នឹងបទចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រសរុប ២៥ ដែលការកាត់ទោសនឹងដំណើរការជាប់គ្នា។ យោងតាមសារព័ត៌មានក្នុងស្រុកថា គាត់ត្រូវបានគេជឿថាបានភៀសខ្លួន ចេញពីប្រទេសបាត់ទៅហើយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top