ព័ត៌មានជាតិ

គ.ជ.ប ៖ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃ១ កញ្ញាដល់ថ្ងៃ៣០ វិច្ឆិកា

រូប៖ គជប

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនឹង ត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៦ថ្ងៃ ចាប់ពីថ្ងៃទី១-១៦ កញ្ញា ។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្ដីពីការប្រកាសផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នាព្រឹកថ្ងៃទី៣១ កក្កដា ប្រធានគ.ជ.ប បានលើកឡើងថា គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតនៅឆ្នាំនេះ ក៏ដូចជារៀងរាល់ឆ្នាំ ដើម្បីធានាបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។

លោកថា ការចុះឈ្មោះបោះឆ្នោតនេះ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក។

លោកលើកឡើងទៀតថា សម្រាប់ការចុះឈ្មោះនេះ គឺធ្វើឡើងចំពោះប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ-សង្កាត់ ទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ (កើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦) និងប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ-សង្កាត់ថ្មី។ ការកែតម្រូវឈ្មោះ និងទិន្នន័យតាមសំណើសុំរបស់សាមីខ្លួន ឬធ្វើបច្ចុប្បន្នភាព ដោយផ្អែកលើឯកសារសម្អាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០២៣ រួចហើយ។

ជាមួយគ្នានោះដែរ ប្រធាន គ.ជ.ប ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ មានជាអាទិ៍ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ដែលមិនទាន់បានចុះឈ្មោះ និងប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ មកចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងដាក់ភ្នាក់ងារ ឬអ្នកសង្កេតការណ៍ ចូលរួមពិនិត្យតាមដានដំណើរការនេះ នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីធានាការអនុវត្តដោយរលូន តម្លាភាព និងជោគជ័យ៕

To Top