Covid-19

ឥណ្ឌាផលិត ឧបករណ៍ រកមេរោគកូវីដ១៩ ដឹងលទ្ធផលត្រឹម ជាង២ម៉ោង ខណៈអ្នកឆ្លងវីរុស មានជិត៥០០នាក់

បរទេស៖ ប្រទេសឥណ្ឌា បានប្រកាសពីការបិទប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងកូវីដ១៩ ខណៈពេលដែលមនុស្សចំនួន ៤៩២ នាក់បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះមេរោគនេះ នៅក្នុងប្រទេសឥណ្ឌា ហើយក្រុមអ្នកជំនាញ បាននិយាយថាចំនួននេះ នឹងមានច្រើនបន្តទៀត ប្រសិនបើការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Mylab របស់ប្រទេសឥណ្ឌា គឺជាក្រុមហ៊ុនដំបូង គេនៅក្នុងប្រទេស ដែលបានទទួលការយល់ ព្រមពីអគ្គនាយកត្រួតពិនិត្យឱសថឥណ្ឌា ដែលជាស្ថាប័នត្រួតពិនិត្យសម្រាប់ ឧបករណ៍ធ្វើតេស្ត រករោគវិនិច្ឆ័យមេរោគកូវីដ១៩ ដែលត្រូវបានធ្វើឱ្យមានសុពលភាព ដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ។

ឧបករណ៍តេស្តិ៍ របស់ក្រុមហ៊ុន Mylab នឹងពិនិត្យនិងរកឃើញ ការបង្ករោគក្នុងរយៈពេលត្រឹមតែ ២,៥ ម៉ោង បើប្រៀបធៀបទៅនឹង រយៈពេលជាង ៧ ម៉ោង ចំពោះឧបករណ៍ផ្សេងទៀត។ ឧបករណ៍របស់ឥណ្ឌាអាចដំណើរការរហូតដល់ ២៤ នៃសំណាក ក្នុងមួយដង បើប្រៀបធៀបទៅនឹងឧបករណ៍ ដែលមានបច្ចុប្បន្ន ដែលផ្តល់លទ្ធផលសម្រាប់ ៩០ សំណាកក្នុងរយៈពេល ៦-៧ ម៉ោង។

បន្ទាប់ពីចំនួនករណីវិជ្ជមាន នៃមេរោគកូវីដ១៩លើសពី ៤០០ ករណីក្នុងប្រទេសឥណ្ឌា, រដ្ឋាភិបាលបានតាមដានដំណើរការ ដែលត្រឹមត្រូវសម្រាប់ឧបករណ៍ ធ្វើតេស្តិ៍រកវីរុសកូវីដ១៩ ។

សូមបញ្ជាក់ថា មន្ទីរពិសោធន៍ឯកជនចំនួន ១២ កន្លែង ដែលមានមជ្ឈមណ្ឌល ប្រមូលទិន្នន័យចំនួន ១៥,០០០ ត្រូវបានអនុញ្ញាតឱ្យធ្វើការសាកល្បង ក្រៅពីមន្ទីរពិសោធន៍របស់រដ្ឋាភិបាល ៕
ប្រែសម្រួលៈ ណៃ តុលា

To Top