ព័ត៌មានជាតិ

ថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កម្មករឈប់សម្រាក ដោយមានប្រាក់ឈ្នួល

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងឱកាសចូលរួមអបអរសាទរបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ការឈប់សម្រាករបស់កម្មករ-កម្មការិនី ដោយមានប្រាក់ឈ្នួល។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងការងារ នាថ្ងៃ២ សីហា បានឲ្យដឹងថា នៅក្នុងថ្ងៃបើកការដ្ឋាននោះ ត្រូវរៀបចំឲ្យមានកម្មវិធីកម្សាន្តផ្សេងៗ ក្នុងបរិវេណសហគ្រាស គ្រឹះស្ថានតាមលទ្ធភាពជាក់ស្តែង ។ ក្នុងនោះត្រូវអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់បានឈប់សម្រាក ដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ បន្ទាប់ពីបានចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោជាផ្លូវការនៅតាមសហគ្រាស គ្រឹះស្ថានរៀងៗខ្លួនរួចមក។

ជាមួយគ្នានេះ ក្រសួងក៏ប្រកាសឲ្យវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោកនៅតាមសហគ្រាស គ្រឹះស្ថាន ដើម្បីអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ហើយម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ត្រៀម និងរៀបចំសម្ភារចាំបាច់នានា ដើម្បីធ្វើការផ្សាយបន្តផ្ទាល់នូវសំឡេង និងទស្សនីយភាពនៃពិធីផ្លូវការនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ចាប់ពីម៉ោង ៧និង២០នាទីព្រឹក ៕

To Top