បរទេស ៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ មិនអើពើចំពោះ ជំនួយពីខាងក្រៅ បើទោះជាមានសេចក្តីថ្លែងការណ៍ថ្មីៗនេះ ពីរបបរបស់លោក គីម ជុងអ៊ុន ពាក់ព័ន្ធលិខិតមួយពីប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។
រដ្ឋមន្ត្រីជាន់ខ្ពស់របស់ក្រសួង ការបរទេសកូរ៉េខាងត្បូង មួយរូប បាននិយាយថា ខ្លួនមានការសោកស្តាយជាខ្លាំង ដែលប្រទេសកូរ៉េខាងជើង មិនស្នើសុំជំនួយ ដែលអាចរកបានពីប្រទេសកូរ៉េ ខាងត្បូង និងសហរដ្ឋអាមេរិក នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែតកូរ៉េខាងត្បូង Tongil News។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានស្នើផ្តល់ជំនួយដល់កូរ៉េខាងជើង ពាក់ព័ន្ធកូរ៉ូណាវីរុស ហើយកាលពីថ្ងៃទី០១ ខែមីនា នៅក្នុងអំឡុងគម្រប់ខួបជាតិមួយ លោកប្រធានាធិបតី មូន ជេអ៊ីន បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមានកិច្ចសហការគ្នារួមគ្នា រវាងវិស័យសុខាភិបាលនៃកូរ៉េទាំងពីរ៕
ប្រែសម្រួល៖ប៉ាង កុង