ព័ត៌មានជាតិ

សម្ដេចធិបតី៖ កម្ពុជា បានឆ្លងកាត់សុបិនអាក្រក់ជាច្រើនហើយ មិនត្រូវបណ្ដោយឲ្យកើតឡើងសាជាថ្មី

រូបភាព ៖ ម៉ៅ ដារ៉ាត

កណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា មាតុភូមិរបស់កម្ពុជា បានឆ្លងកាត់សុបិនអាក្រក់ជាច្រើនមកហើយ ដូច្នេះដាច់ខាតមិនត្រូវបណ្ដោយឲ្យកើតឡើងសាជាថ្មី នៅលើទឹកដីប្រកបដោយសក្ដានុពល និងថាមពលនេះទៀតឡើយ។

ការលើកឡើងរបស់ សម្ដេចធិបតី នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ សីហានេះ ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ។

នាឱកាសនោះ សម្ដេចធិបតីបញ្ជាក់ថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ មាតុភូមិយើងបានឆ្លងកាត់សុបិនអាក្រក់ជាច្រើន ដែលយើងដាច់ខាតមិនត្រូវបណ្ដោយឲ្យកើតឡើង សាជាថ្មីនៅលើទឹកដីប្រកបដោយសក្ដានុពល និងថាមពលនេះទៀតឡើយ ជម្លោះ និងការបែកបាក់ផ្ទៃក្នុងបានធ្វើឲ្យទឹកដីខ្មែរ ដែលធ្លាប់ជាអាណាចក្រល្បីរន្ទឺ ចាប់ពីសម័យអាណាចក្រភ្នំរហូតមកដល់មហានគរ បានក្លាយជាដែនដីនៃចម្បាំង និងការបំផ្លិចបំផ្លាញ ដែលស្គាល់តែការបែកបាក់ និងទឹកភ្នែក មិនត្រឹមតែកិត្យានុភាពជាតិ ប្រទេសនោះទេដែលត្រូវបាត់បង់ សូម្បីតែឈ្មោះប្រទេសយើង ក៏ស្ទើតែរបូតចេញពីផែនទីពិភពលោកផងដែរ»។

សម្ដេចធិបតីបន្ដថា ទឹកដីដ៏ផូផង់នេះក៏ត្រូវបានបំផ្លាញរហូតដល់ក្រោមសូន្យ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលរហូតទាល់តែមានឥស្សរជន និងវីរជនស្នេហាជាតិជាច្រើន បានយកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាពទើបយើងអាចមានអ្វីៗដូចសព្វថ្ងៃ ។ ការឈឺចាប់របស់ខ្មែរវាហួសពីគ្រប់គ្រាន់ទៅហើយ ទម្រាំយើងអាចរំដោះខ្លួនចេញពីរណ្ដៅមច្ចុរាជ្យ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ និងទម្រាំអាចចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងទម្រាំយើងស្វែងរកបានសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ៕

To Top