ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យពលរដ្ឋនៅគ្រប់បណ្តាខេត្ត-រាជធានី ទៅលេងខេត្ត៤ពាក់ព័ន្ធ CLV ឲ្យបានច្រើន ពេលបុណ្យភ្ជុំ និងចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យប្រជាពលរដ្ឋនៅគ្រប់បណ្តារាជធានី-ខេត្តទាំងអស់ បើអាចមានលទ្ធភាព នាំគ្នាទៅលេង ខេត្តទាំង៤ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV ឲ្យបានច្រើនក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ខណៈសម្តេចក៏ចង់ទៅលេងដូចគ្នា ។

ការជំរុញរបស់សម្តេចធិបតីខាងលើនេះ មានគោលបំណង ចង់ឲ្យពលរដ្ឋបានឃើញនូវទិដ្ឋភាពជាក់ស្តែងដោយខ្លួនឯងថា ខេត្តរបស់កម្ពុជាទាំង៤ ដែលស្ថិតក្នុងកិច្ចសហការអភិវឌ្ឍន៍ត្រីកោណ CLV នៅតែជាខេត្តរបស់ខ្មែរដដែល និងម្យ៉ាងទៀត បានជួយជំរុញដល់វិស័យទេសចរណ៍ក្នុងស្រុកនៅទីនោះបានច្រើនផងដែរ ។

ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នាថ្ងៃទី៦ សីហានេះ សម្តេចធិបតី មានប្រសាសន៍ថា “បើ​មិនទាន់មានលុយកុំទាន់ទៅសិន អ្នកណាមានលុយក៏ទៅៗ ដើម្បីជួយទេសចរណ៍ នៅទីនោះផង ចូលឆ្នាំ ភ្ជុំបិណ្ឌទៅលេងនឹងទៅ ជិះតាមព្រំដែនរបស់យើង”។

ក្នុងនោះសម្តេចធិបតី ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលនឹងសាងសង់ផ្លូវដែលផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ នៅតំបន់កន្ទុយនាគ ដែលសម្តេចថា ជាចំណោទមួយដែលអាចមានគ្រោះថ្នាក់ ។

សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យបានផ្លូវ នៅក្នុងដីរបស់យើង ដើម្បីចូលទៅដល់កន្ទុយនាគ ដើម្បីឲ្យកូនខ្មែររបស់យើង បានទៅដល់កន្លែងនោះ ហើយខ្ញុំក៏ចង់ទៅដែរ”៕

To Top