ព័ត៌មានអន្តរជាតិ

ប៉ូលិសស៊ុយអែត ឃាត់ខ្លួនមនុស្ស ២នាក់ សង្ស័យដាក់គ្រាប់បែកបំផ្ទុះ នៅរដ្ឋធានីរបស់ប្រទេសដាណឺម៉ាក

AFP

COPENHAGEN៖ ប៉ូលិសដាណឺម៉ាក បាននិយាយថា បុរស២នាក់ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសស៊ុយអែត ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក នៅបញ្ជរមួយកន្លែងក្នុងរដ្ឋធានី Copenhagen របស់ប្រទេសដាណឺម៉ាក កាលពីល្ងាចថ្ងៃអង្គារ ។

គួរបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើងនៅបញ្ជរ មួយកន្លែងដែលមានទីតាំងនៅ Hans Knudsens Plads ស្ថិតនៅភាគខាងជើងទីក្រុង Copenhagen ។ បើយោងតាមប៉ូលិសទីក្រុង Copenhagen បានបញ្ជាក់ឱ្យដឹងថា វត្ថុមួយត្រូវបានបោះចូលទៅក្នុងបញ្ជរ ហើយបានផ្ទុះឡើង ប៉ុន្តែសំណាងល្អមិនមាននរណាម្នាក់រងរបួសអ្វីទេ ។

ប៉ូលិសទីក្រុង Copenhagen បានធ្វើបច្ចុប្បន្នភាពព័ត៌មាន នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X យ៉ថា ក្រោយពីការបំផ្ទុះនេះ “ជាលទ្ធផលនៃការស៊ើបអង្កេតរបស់យើង ឥឡូវនេះយើងបានចាប់ខ្លួនជនល្មើស ២នាក់ ពាក់ព័ន្ធនៅក្នុងសំណុំរឿងមួយនេះ” ។

សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី ហើយមិនទាន់បានព័ត៌មានបន្ថែមអ្វីទៀតឡើយ ។ អាយុនិងសញ្ជាតិរបស់ជនសង្ស័យទាំង ២នាក់ នៅមិនទាន់ត្រូវបានគេបង្ហាញឱ្យដឹងនោះទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top