មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើទីតាំងការពារក្នុងតំបន់ Kursk របស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ
នៅក្នុងបណ្តាញ Telegram របស់ខ្លួន ក្រសួងការពារជាតិបានឲ្យដឹងថា ទាហានរហូតដល់ ៣០០នាក់ មកពីកងពលតូចមេកានិចទី២២ របស់អ៊ុយក្រែន ដែលគាំទ្រដោយរថក្រោះ ១១គ្រឿង និងរថពាសដែកជាង ២០គ្រឿង បានវាយប្រហារទីតាំងការពារព្រំដែនរុស្ស៊ី នៅជិតការតាំងទីលំនៅរបស់ Nikolaevo-Daryino និង Oleshnya ។
អង្គភាពការពារព្រំដែនរុស្ស៊ី និងកងទ័ពការពារព្រំដែនរបស់ សេវាសន្តិសុខសហព័ន្ធបានវាយបក ការវាយប្រហារនេះ និងបានបាញ់ប្រហារយ៉ាងខ្លាំងក្លាប្រឆាំងនឹង កងកម្លាំងអ៊ុយក្រែននៅតាមព្រំដែន និងក្នុងតំបន់ស៊ូមី។
លោក Alexey Smirnov អភិបាលស្តីទីនៃតំបន់ Kursk បានបញ្ជាក់ថា មនុស្ស ១៨នាក់ បានរងរបួសដោយសារតែការវាយប្រហារនេះ៕
ប្រែសម្រួល ឈូក បូរ៉ា