កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំមន្រ្តីជំនាញពាក់ពន្ធ័ ចុះពិនិត្យស្ថានភាពច្រាំងទន្លេ ដែលប្រឈមនិងការបាក់ស្រុត នៅចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ក្នុងឱកាសចុះពិនិត្យនោះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ត្រីជំនាញ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត កំពង់ចាម ធ្វើយ៉ាងណាទប់ស្កាត់ដាក់បេខ្សាច់ ឬបោះថ្មទប់បន្ថែមទៀត ដើម្បីទប់ច្រើនកុំឱ្យបាក់ស្រុត ។

លោកអភិបាលខេត្ត បានរំលឹកថា កន្លងទៅ មន្ត្រីជំនាញបានធ្វើការដាក់បេខ្សាច់ និងថ្មទប់តាមច្រាំងទន្លេនៅចំណុចនេះ ជាច្រើនមកហើយ ប៉ុន្តែដោយស្ថានភាពអាកាសធាតុប្រែប្រួលផង ទឹកទន្លេបន្តហក់ឡើងផង ធ្វើឱ្យកន្លែងខ្លះបន្តស្រុត និងអាចបង្ករឲ្យប៉ះពាល់ ដល់ផ្ទះប្រជាពលរដ្ឋ ដូច្នោះសូមឲ្យមន្រ្តីជំនាញរួមជាមួយអាជ្ញាធរ ត្រូវបន្តរកវិធានការបង្ការ ទប់ស្កាត់ឲ្យខានតែបាន។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នច្រាំងទន្លេមេគង្គ ដែលកំពុងគំរាមគំហែងដីភូមិ ក្នុងឃុំពាមកោះស្នា មកដល់ពេលនេះ មានប្រវែងប្រមាណជាង ៥០ម៉ែត្រ ៕
