កំពង់ស្ពឺ ៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើង ថា គិត រហូតមកដល់បច្ចុប្បន្ន ក្រសួងបានប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ប្រមាណជា៨លានប័ណ្ណ ជូនប្រជាពលរដ្ឋ រួចរាល់ហើយ ខណៈនៅសេសសល់ប្រមាណ ជាង៣លានប័ណ្ណទៀតប៉ុណ្ណោះ ដែលក្នុងនោះជាង២លានប័ណ្ណ កំពុងចេញចែកបន្តរាល់ថ្ងៃ ចំណែកសល់ជាង១លានប័ណ្ណទៀត នៅមិនទាន់បានវាស់វែង ។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងបែបនេះ ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ១៩៨៤០ប័ណ្ណ ដល់ប្រជាពលរដ្ឋចំនួន៣០ភូមិ ក្នុងឃុំវាល និងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៧ សីហា ។
លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីដែលជាសេនាធិការបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពន្លឿនការ ចុះបញ្ជីកម្មសិទ្ធិដីធ្លី ផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការ សំដៅធានាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទ ដីធ្លីនៅទូទាំងប្រទេស ។
លោកថា ក្រសួងសេដ្ឋកិច្ច និងក្រសួងដែនដី បានឯកភាពគ្នា ប្រើប្រាស់កម្លាំង សរុបជំរុញការងារ ចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបន បត្រសម្គាល់ ម្ចាស់អចលនវត្ថុ ដែលទទួលបានការ លើកលែងពន្ធប្រថាប់ត្រា ដើម្បីផ្តល់ ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងកត់ត្រាទិន្នន័យក្នុងប្រព័ន្ធ គ្រប់គ្រងទិន្នន័យអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ទន្ទឹមនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បាននិងកំពុងជំរុញក្រសួង ពន្លឿនលើការងារចុះបញ្ជីដីធ្លី ឲ្យបានលឿនបំផុត ដើម្បីបន្តផ្តល់ប័ណ្ណកម្មសិទ្ធិ ដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស សំដៅធានាសុវត្ថិភាព នៃការកាន់ កាប់ដីធ្លី និងកាត់បន្ថយវិវាទ ដើម្បីឈានទៅបញ្ចប់ទាំង ស្រុងនូវវិវាទដីធ្លីនៅទូទាំងប្រទេសផងដែរ ។ បើតាមលោករដ្ឋមន្រ្តី នឹងអាចបញ្ចប់ការវាស់វែង នៅចុងឆ្នាំ២០២៤ និងការបញ្ចប់ ការចែកប័ណ្ណ នៅពាក់កណ្តាល ឆ្នាំ២០២៥ ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ រួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និង នគរូបនីយកម្មឲ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើត ឲ្យមានគោល នយោបាយ ដីធ្លី៣ចំណុច រួមមាន ៖ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ , ការដោះស្រាយវិវាទ ដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លី ជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិត ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕