ភ្នំពេញ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបខាងផ្នែក ICT កំពុងសហការគ្នាជាធ្លង់មួយ លើគំនិតផ្តួចផ្តើម ដើម្បីជួយការពារ អតិថិជនរបស់ខ្លួន និងធានាថាប្រជាជន មុខជំនួញអាជីវកម្ម និងមន្ទីររដ្ឋាភិបាល នៅកម្ពុជាទាំងអស់ រក្សាបានទំនាក់ទំនង សុវត្ថិភាព និងការផ្តល់ព័ត៌មាន ដែលជាក់លាក់ ក្នុងអំឡុងពេលមួយ ដ៏លំបាក និងមិនស្ថិតស្ថេរនេះ។
ការឆ្លើយតបរួមគ្នារួមមាន ការផ្តល់នូវភាពសំបូរបែប ជាមួយអត្ថប្រយោជន៏ច្រើន ល្បឿនអ៊ីនធើណិតលឿន ការបន្ថែមកម្រិតសេវាកម្ម ដែលជាការជំរុញជាសកល សម្រាប់ការទូទាត់ប្រតិបត្តិការ តាមអ៊ិនធើណិត ក៏ដូចជាការគាំទ្រ ដល់ក្រសួងសុខាភិបាល លើការប្រកាសជាសាធារណៈ និងការផ្សាយផ្ទាល់ និងកម្មវិធីអប់រំ សម្រាប់សិស្ស និស្សិត។
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដឹកនាំការឆ្លើយតបរួមគ្នា ដែលជាផ្នែកមួយ នៃការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដើម្បីធានាថាក្រុមហ៊ុនរបស់លោក កំពុងធ្វើអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាព្រះរាជាណាចក្រកម្ពុជា ឱ្យនៅមានភ្ជាប់ទំនាក់ទំនង ហើយនិងឆ្លើយតបតម្រូវការ ប្រចាំថ្ងៃរបស់អតិថិជន។
កិច្ចការនេះចាប់ផ្តើមឡើង បន្ទាប់ពីការបរិច្ចាគថវិកា របស់អ្នកឧកញ៉ា កាលពីសប្តាហ៍មុន ដែលមានចំនួនរហូតដល់ ៥០ម៉ឺនដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល ដើម្បីគាំទ្រដល់វិបត្តិនេះ និងការបរិច្ចាគរម៉ាស ទឹកលាងសម្អាតដៃ និងឧបករវាស់កំដៅ ជូនទៅដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីការពារ បុគ្កលិក មន្រ្តីរាជការ អំឡុងពេលពួកគាត់ បន្តប្រតិបត្តិការ។
សប្តាហ៍នេះដែរ សែលកាត បានប្រកាសដោយដាក់ចេញ នូវគម្រោងសែលកាត ហ័្វរយូ (CELLCARD 4U) ដែលផ្តល់អត្ថប្រយោជន៍ ដល់អតិថិជនក្នុងការរក្សាទុក សមតុល្យ ដែលមិនបានប្រើប្រាស់ ហើយបន្ថែមលើការផ្តល់ជូន រៀងរាល់សប្តាហ៍ទីបួន ដោយឥតគិតថ្លៃ។ គម្រោងថ្មីនេធ្វើឡើង នៅពេលដែលក្រុមហ៊ុនសែលកាត បង្កើនកម្រិតសេវាកម្មរបស់ខ្លួន ដោយពន្យារ ម៉ោងបំរើសេវាកម្ម ដល់អតិថិជនរបស់ខ្លួន និងផ្តល់ជូនស៊ីមកាត ដោយឥតគិតថ្លៃ ដល់អ្នកដែលមិនអាច ទៅដល់ហាង ឬបណ្តាសាខាចែកចាយ របស់ក្រុមហ៊ុនបាន។
អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុន ផ្តល់សេវាអ៊ិនធើណិតឈានមុខគេ នៅកម្ពុជា ក៏កំពុងបង្កើនល្បឿនអ៊ីនធឺណេត ទ្វេដងដល់អតិថិជន ដែលមានស្រាប់ដោយមិនគិតថ្លៃ រយៈពេលបីខែ ហើយលើកទឹកចិត្តអតិថិជន ឱ្យធ្វើការទូទាត់តាមអ៊ិនធើណេត ដើម្បីសុវត្ថិភាព របស់អតិថិជន និងនិយោជិក។
វីង ក៏បានផ្តល់អោយប្រជាជនកម្ពុជា គ្រប់រូបអាចធ្វើប្រតិបត្តិការ ផ្ទេរប្រាក់ ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង របស់ពួកគាត់។ ក្រុមហ៊ុនលំដាប់ថ្នាក់លេខ១ ក្នុងការផ្ទេរប្រាក់ បាននឹងកំពុងតស៊ូយ៉ាងស្វិតស្វាញ លើសេវាទូទាត់តាមអ៊ិនធើណិត សម្រាប់តម្រូវការប្រចាំថ្ងៃ និងកំពុងពង្រីកភ្នាក់ងារ អាជីវកររបស់ខ្លួន ជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ជូនអតិថិជន នូវភាពងាយស្រួល ដូចជាការទិញទំនិញតាមអនឡាញ ការដឹកជញ្ជូនអាហារ ភេសជ្ជះ ការទូទាត់ថ្លៃប្រើប្រាស់ និងការបញ្ចូលទឹកប្រាក់ តាមទូរស័ព្ទ។ ក្រុមការងារ កំពុងធ្វើការដើម្បីធានាថា ភ្នាក់ងាររបស់ពួកគាត់ គឺត្រៀមលក្ខណះគ្រាន់ក្នុងការ បំរើសេវាផ្ទេរសាច់ប្រាក់ តាមពេលវេលាជាក់ស្តែង ដែលបំរើការជាមួយធនាគារ ឈានមុខគេ និងស្ថាប័នហិរញ្ញវត្ថុ ដែលប្តេជ្ញាធ្វើការ ក្នុងអំឡុងវិបត្តិនេះ។
ក្រុមហ៊ុន ស៊ី ប៊ី អេស ដែលជាស្ថានីយ ទូរទស្សន៏ផ្សព្វផ្សាយ កំពុងធ្វើការជាមួយ ក្រសួងសុខាភិបាល ជារៀងរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងផ្តល់ការផ្សាយបន្តផ្ទាល់ រាល់សន្និសីទសារព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម តាមបណ្តាញទូរទស្សន៍ CNC CTN និងទំព័រហ្វេសប៊ុក CBS ទាំងអស់។
ដើម្បីគាំទ្រ ដល់សិស្សដែលបញ្ចប់ថ្នាក់ សេវាកម្មទូរទស្សន៍ តាមអ៊ិនធើណិត ឌីជីថលស្កាយ របស់រ៉ូយ៉ាល់គ្រុប បានបង្កើតប៉ុស្តិ៍ទូរទស្សន៍ថ្មី ដើម្បីចាក់ផ្សាយ កម្មវិធីសិក្សាដោយខ្លួនឯង។ ជាដំបូង កម្មវិធីនេះ នឹងចាប់ផ្តើមបើកដំណើរការ ក្នុងសប្តាហ៍នេះ សម្រាប់សិស្សថ្នាក់ទី ១២ ហើយក្រុមហ៊ុនគ្រោង នឹងពង្រីកសេវាកម្មឥតគិតថ្លៃ ដល់សិស្សដទៃទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
អ្នកឧកញ៉ា គិត ម៉េង កំពុងធានាថា ក្រុមហ៊ុនផ្នែក ICT មានក្រុមបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលរង់ចាំបំរើការ ដែលធានាលើការ ពង្រីកម៉ោងសេវាកម្ម លើអតិថិជនទាំងអស់របស់ខ្លួន។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងឈរជើងសំរាប់អតិថិជន និងនិយោជិករបស់ពួកយើង នៅពេលដែលខ្លួន នៅតែបន្តធ្វើការជាមួយរដ្ឋាភិបាល ដើម្បីធានាបាន នូវការតភ្ជាប់ព័ត៌មាន និងវិធីសាស្រ្តសុវត្ថិភាព ក្នុងការធ្វើប្រតិបត្តិការ និងធ្វើការរយៈពេល ២៤ ម៉ោង ទូទាំងប្រទេស៕