ភ្នំពេញ ៖ ក្នុងជំនួបជាមួយ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលកម្ពុជា នៅសាធារណៈរដ្ឋប្រជាមានិត ឡាវ នាព្រឹកថ្ងៃ៨ សីហា ក្នុងអំឡុងពេលបំពេញបេសកកម្ម ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាល អាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ លោកស្រីវេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ Gavi បានប្តេជ្ញាថា នឹងបន្តពង្រឹងពង្រីក ការគាំទ្រកម្ពុជា លើកម្មវិធីចាក់ថ្នាំបង្ការនាពេលអនាគត ជាបន្តទៀតដល់ទារក និងកុមារ ។
លោកស្រីនាយកប្រតិបត្តិ Gavi បានកោតសរសើរដល់កម្ពុជា ដែលសម្រេចបានស្ថានភាព គ្មានជំងឺស្វិតដៃជើង តាំងពីឆ្នាំ២០០០ និងការលុបបំបាត់តេតាណូសមាតា និងទារកតាំងពីឆ្នាំ២០១៥ និងការចាក់វ៉ាក់សាំងជាប្រចាំ នៅរក្សាអត្រាគ្របដណ្តប់បានកម្រិតខ្ពស់គួរឲ្យកោតសរសើរ ទោះជាក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ។ ជាមួយគ្នាននេះ លោកស្រីបញ្ជាក់ថា Gavi នឹងបន្តពង្រឹងពង្រីកការគាំទ្រកម្ពុជា កម្មវិធីចាក់ថ្នាំបង្ការ នាពេលអនាគតជាបន្តទៀត។
ជាការឆ្លើយតប សាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ GAVI ចំពោះការគាំទ្រជាបន្តបន្ទាប់ ដល់កម្ពុជាចាប់ តាំងពីឆ្នាំ២០០១មក ។ លោកសរដ្ឋមន្រ្តីថា ការចាក់ថ្នាំបង្ការជាសេវាស្នូល នៃការថែទាំសុខភាពបឋម ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និងជាវិធានការបង្ការដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីការពារអាយុជីវិតប្រជាជន ជាពិសេសរួមចំណែកដល់ការ កាត់បន្ថយអត្រាមរណភាពមាតា និងទារក។
សាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណGAVI ជាពិសេសលោកស្រីនាយកប្រតិបត្តិ ដែលបានប្តេជ្ញាបន្តគាំទ្រ ពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ របស់កម្ពុជា តាមរយៈគម្រោង Gavi-FPP សម្រាប់រយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២៣ ដល់២០២៧បន្ថែមទៀត ដែលការគាំទ្រថ្មីរបស់ GAVI ផ្តោតលើគ្រប់ទារក/កុមារ និង សហគមន៍ងាយរងគ្រោះ ។ លោកថា ការគាំទ្រនេះ ជាសកម្មភាពអាទិភាព មួយក្នុងចំណោមអាទិភាព សុខាភិបាលដែលបានលើកក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលក្រសួងសុខាភិបាល បានដាក់គោលដៅ ធានានូវជីវិតមានសុខភាពល្អ និងលើកកម្ពស់សុខុមាលភាព សម្រាប់មនុស្សគ្រប់វ័យ ។ ក្រសួងសុខាភិបាល នឹងបន្តកិច្ចខិតខំ ប្រឹងប្រែងពង្រឹង និងពង្រីកសេវាផ្តល់ ថ្នាំបង្ការដែលមានគុណភាព ខ្ពស់ដល់គ្រប់សហគមន៍ រួមទាំងប្រជាជនដែលមានហានិភ័យខ្ពស់៕