ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍ថា វប្បធម៌ សិល្បៈ ជាដួងព្រលឹងជាតិ និងជាច្រករបៀងភ្ជាប់ទំនាក់ទំនងកម្ពុជាទៅកាន់ពិភពលោក ដែលអាចទាក់ទាញទេសចរ ពាណិជ្ជកម្ម ជួយសង្គមជាតិ។
នាឱកាសអញ្ជើញទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់គណៈប្រតិភូសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកស្រី ម៉ៅ ចំណាន ប្រធានសមាគម នៅវិមានរដ្ឋសភា នាថ្ងៃទី៨ សីហា សម្តេចបានថ្លែងអំណរគុណដល់ស្ថាបនិក ថ្នាក់ដឹកនាំ សិល្បករសិល្បការីទំាងអស់ដែលបានបង្កើត និងដឹកនាំសមាគមសិល្បករខ្មែរ នៅក្នុងបុព្វហេតុមនុស្សធម៌ និងការចូលរួមអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ សិល្បៈ ដែលជាដួងព្រលឹងរបស់ជាតិ ដូចសុភាសិតខ្មែរពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។
សម្ដេចគូសបញ្ជាក់ថា «គ្រប់ជាតិសាសន៍លើសកលលោកកំពុងផ្តោតការយកចិត្តទុកដាក់អំពីវប្បធម៌ ធ្វើជាច្រករបៀងសំខាន់នៅក្នុងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិនីមួយៗ ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬពណ៌សម្បុរ។ ក្នុងន័យនេះ សិល្បៈជាស្ពានភ្ជាប់ទំនាក់ទំនងបុគ្គលនិងបុគ្គល ដោយមិនបាច់ប្រើភាសា និងជាការទូតដ៏មានប្រសិទ្ធភាពផងដែរ សំដៅបម្រើផលប្រយោជន៍ប្រទេសនិងប្រជាជន»។
សម្ដេចបន្ដថា សិល្បៈមិនត្រឹមផ្តល់ការកម្សាន្ត សប្បាយរីករាយដល់មហាជនប៉ុណ្ណោះទេ តែសិល្បករ សិល្បការិនី គឺជាតួអង្គគំរូ និងជាបុគ្គលដ៏មានសក្ដានុពល ដែលមានប្រភពចេញពីមជ្ឈដ្ឋាននៃវប្បធម៌ផ្សេងៗ ដែលអាចជួយដល់ប្រទេសជាតិរបស់ខ្លួន តាមរយៈទេពកោសល្យ និងការសម្តែង ក្នុងគោលដៅបណ្តុះគំនិត អប់រំ លើកទឹកចិត្ត និងញ៉ាំងឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ជាដើម៕