ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់បន្ថែមលើការផ្លាស់ប្តូរ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារក្នុងស្រុកទាំង៨ នឹងជួយសម្រួលដល់ពលករ និងសិក្ខាកាមដែលត្រូវទៅធ្វើការ នៅបរទេសឲ្យទទួលបានទំហំឥណទានដ៏សមស្រប ជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ ពោលត្រឹមអត្រា៨.៥%ក្នុង១ឆ្នាំ ។
សម្តេចធិបតីបានលើកឡើងបែបនេះ ក្រោយពីបញ្ចប់ការផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងធនាគារទាំង៨ នាថ្ងៃ៩ សីហា ។ សម្តេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងការងារ ដែលបានខិតខំសម្របសម្រួលជាមួយធនាគារចំនួន៨ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឲ្យទទួលបាន ទំហំឥណទានដ៏សមស្រប ជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយ លើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។
សម្តេចធិបតីគូសបញ្ជាក់ថា “ស្របតាមស្មារតីនៃអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារជាដៃគូនេះ គឺធនាគារទាំង៨ នឹងផ្តល់ឥណទានជូនបងប្អូនពលករ និងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចឲ្យបងប្អូនសន្សំបានជាមធ្យម១០% នៃអត្រាការប្រាក់ក្នុង១ឆ្នាំ”។
សូមបញ្ជាក់ថា ធនាគារទាំង៨ នោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc) , ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia ឬWBC , ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក , ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) , ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) , ៦- ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA) , ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)៕