ភ្នំពេញ ៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សិស្សប្រុសម្នាក់រៀនថ្នាក់ទី៦ (ក) នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលបានប្រព្រឹត្តនិងប្រើឥរិយាបថមិនសមរម្យបែបហិង្សាមកលើគ្រូបង្រៀន បានទទួលស្គាល់ កំហុស និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តអំពើបែបនេះបន្តទៀត ដោយសន្យាថា នឹងខិតខំប្រឹងប្រែងរៀនសូត្រឡើងវិញ។
អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៣ សីហា ថា ក្រោយហេតុការណ៍នេះកើតឡើង គណៈគ្រប់គ្រងសាលារៀន បានកោះប្រជុំជាផ្លូវការជាមួយឪពុក-ម្តាយរបស់យុវជនសិស្ស និងសិស្សរូបនេះ ផ្ទាល់ដោយមានការចូលរួមពីតំណាង សហគមន៍ទាំងមូល ដើម្បីពិភាក្សាអំពីចំណុចខ្វះខាត របស់សិស្សដោយបានធ្វើការដោះស្រាយ និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ។
លោកស្រីថា ជាលទ្ធផលសិស្សប្រុសនេះ ក៏បានទទួលស្គាល់កំហុសរបស់ខ្លួន ។ លោក ឃួន វិច្ឆិកា គូសបញ្ជាក់ថា “ប្អូនប្រុសដែលជាម្ចាស់ខ្លួន ក៏បានធ្វើកិច្ចសន្យាមួយ ដើម្បីធ្វើការកែប្រែខ្លួនឲ្យក្លាយជាសិស្សល្អ ។ សម្រាប់ម្តាយរបស់ប្អូនប្រុស ក៏បានធ្វើលិខិតដោយនឹងខិតខំអប់រំ ដល់ប្អូនប្រុសឲ្យក្លាយជាកុមារល្អ” ។
បើតាមលោកស្រី គណៈគ្រប់គ្រងសាលាក៏បានធ្វើសន្យាថា នឹងកែប្រែចំណុចខ្វះខាត របស់សិស្សមួយចំនួន ដែលមានចរិកមិនសមរម្យឲ្យក្លាយជាសិស្សល្អ ដោយធ្វើយ៉ាងណាមិនឲ្យមានអំពើបែបនេះកើតឡើងទៀត ។
សូមបញ្ជាក់ថា កាលពីថ្ងៃ១២ សីហា មានករណីសិស្សថ្នាក់ទី៦មួយរូប បានប្រើប្រាស់ឥរិយាបថមិនសមរម្យបែបហិង្សាមកលើគ្រូបង្រៀន។ សិស្សនោះមានឈ្មោះ រី សុវណ្ណ ភេទប្រុស ជាសិស្សថ្នាក់ទី៦(ក) នៃសាលាបឋមសិក្សាភូមិថ្មី ស្ថិតនៅភូមិថ្មី ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង មានឪពុកឈ្មោះ រុធ រី ម្តាយឈ្មោះ ប៉ក់ ទុំ ។ សិស្ស រី សុវណ្ណ បានប្រើអាកប្បកិរិយាបែបហិង្សាមកលើគ្រូបង្រៀនក្នុងបន្ទប់រៀន ដោយរត់មកធាក់តុគ្រូ និងសម្តែងចរិកចង់វាយគ្រូ ក្រោយពីខឹងគ្រូមិនឲ្យពិន្ទុសរសេរតាមអាន ៕