អ៊ីស្តង់ប៊ុល៖ តួកគីបានណែនាំការរឹតបន្តឹង បន្ថែមទៀតនៅថ្ងៃនេះ ដើម្បីរក្សាវិធានការឱ្យប្រជាជននៅក្នុងផ្ទះ និងទប់ទល់នឹងការឆ្លងវីរុស COVID-19 ដោយសារចំនួនករណី ដែលត្រូវបានបញ្ជាក់ថាឆ្លង បានកើនឡើងយ៉ាងឆាប់រហ័ស និងរាលដាលពាសពេញប្រទេស។ រដ្ឋាភិបាលក៏បានសន្យាថា នឹងបង្កើនការធ្វើតេស្ត៍រកមេរោគ និងកិច្ចខិតខំប្រឹងប្រែងដើម្បី ស្វែងរកវ៉ាក់សាំងផងដែរ។
យោងតាមសារព័ត៌មាន Al Monitor ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលតួកគីលោក Fahrettin Koca បាននិយាយនៅលើបណ្តាញសង្គមTwitterថា មនុស្ស ៧ នាក់បានស្លាប់ដោយមេរោគ COVID-19 កាលពីថ្ងៃអង្គារ ដោយបង្កើនចំនួនអ្នកស្លាប់រហូតដល់ ៤៤ នាក់ ហើយចំនួនករណីផ្លូវការនៃ ការឆ្លងបានកើនឡើងដល់ ១.៨៧២ នាក់។ នៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃច័ន្ទលោកបាននិយាយថា ករណីនានាត្រូវបានកត់ត្រា ទូទាំងប្រទេសតួកគី ហើយបានទទួលស្គាល់ថា ការឆ្លងវីរុសក្នុងប្រទេសឥឡូវនេះ លើសពីការឆ្លងដោយផ្ទាល់ ឬដោយប្រយោលពីបរទេស។
តួកគីបានចែកចាយថ្នាំថ្មី ពីប្រទេសចិនទៅកាន់ទីក្រុងចំនួន ៤០ នៅថ្ងៃនេះដែលសន្យាថា នឹងកាត់បន្ថយការព្យាបាលជំងឺនេះត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមិនបានបង្ហាញពីឈ្មោះថ្នាំនោះទេ។ ប្រទេសចិនជាកន្លែងដែលមេរោគឆ្លង COVID-19 ផ្ទុះឡើងដំបូងនៅចុងឆ្នាំមុន ក៏កំពុងផ្តល់ដល់ប្រទេសតួកគីនូវ ឧបករណ៍ធ្វើរោគវិនិច្ឆ័យលឿនដល់ទៅ ១ លាន ដើម្បីពង្រីកការធ្វើតេស្ត ដែលត្រូវបានធ្វើឡើងលើអ្នកជំងឺ ២៤.០០០ នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា