បរទេស៖ រដ្ឋាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារ (១៣ សីហា) ថា ខ្លួនបានដាក់ការតវ៉ាផ្នែកការទូត ប្រឆាំងនឹងទីក្រុងប៉េកាំង បន្ទាប់ពីយន្តហោះ របស់ចិនបានហោះជិតយ៉ាងគ្រោះថ្នាក់ ហើយបានបាញ់បាញ់គ្រាប់ភ្លើង នៅលើផ្លូវរបស់យន្តហោះល្បាត របស់កងទ័ពអាកាសហ្វីលីពីន នៅលើដែនអាកាសនៅតំបន់ទឹក ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា សកម្មភាពអរិភាព របស់កងទ័ពអាកាសចិន ប្រឆាំងនឹងយន្តហោះដឹកជញ្ជូនធុនស្រាល NC-212i របស់យោធាហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ នៅលើតំបន់ Scarborough Shoal គឺជាលើកដំបូងនៃការជួបប្រទះគ្នា ចាប់តាំងពីអរិភាពនៅសមុទ្រ រវាងទីក្រុងប៉េកាំង និងម៉ានីលនៅតំបន់ផ្លូវសមុទ្រ ដ៏មមាញឹកបានចាប់ផ្តើមផ្ទុះ ឡើងកាលពីឆ្នាំមុន។
ប្រមុខយោធាហ្វីលីពីន ឧត្តមសេនីយ Romeo Brawner Jr មិនបានរាយការណ៍ពីការរងរបួស ឬការខូចខាតណាមួយឡើយ ប៉ុន្តែលោកបានថ្កោលទោស ចំពោះសកម្មភាពរបស់ចិន ដែលលោកបាននិយាយថា អាចបណ្តាលឱ្យមាន ផលវិបាកដ៏សោកសៅ។
លោក Brawner បាននិយាយក្នុងការឆ្លើយតប ទៅនឹងសំណួរមួយពី អ្នកយកព័ត៌មានថា៖ «ប្រសិនបើអណ្តាតភ្លើង ប៉ះនឹងយន្តហោះរបស់យើង វត្ថុទាំងនេះអាចត្រូវបានផ្លុំចូលទៅក្នុងស្លាបចក្រ ឬក៏ឆេះយន្តហោះរបស់យើង»។ “វាមានគ្រោះថ្នាក់ខ្លាំងណាស់”។
អ្នកនាំពាក្យក្រសួងការ បរទេសហ្វីលីពីន Teresita Daza បាននិយាយដោយមិនបញ្ជាក់លម្អិតថា ការតវ៉ាការទូតត្រូវ បានបញ្ជូន ទៅប្រទេសចិន។
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បាននិយាយ កាលពីចុងសប្តាហ៍ថា សកម្មភាពរបស់ យន្តហោះចម្បាំង របស់កងទ័ពអាកាសចិនគឺ “មិនសមហេតុផល ខុសច្បាប់ និងគ្មានការប្រុងប្រយ័ត្ន”៕
ប្រែសម្រួលៈ ណៃ តុលា