បរទេស៖ ចំនួនករណីឆ្លងជំងឺ COVID-19 នៅលើពិភពលោកបាន កើនឡើងដល់ ៣៥០.០០០ នាក់ និងមានអ្នកស្លាប់ច្រើនជាង ១៧.០០០ នាក់។ ប្រទេសរុស្ស៊ី បានចុះបញ្ជីចំនួន ៤៩៥ ករណីនៃការឆ្លងវីរុសនេះ រួមទាំង ៥៧ ករណីថ្មីនៅក្នុងតំបន់ចំនួន ១៤ ក្នុងរយៈពេល ២៤ ម៉ោង។ អ្នកជំងឺដែលឆ្លងវីរុស COVID-19 នៅប្រទេសរុស្ស៊ីត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យនៅភាគនិរតីទីក្រុងមូស្គូ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីន បានទៅដល់មន្ទីរពេទ្យមួយនៅតំបន់ Kommunarka ដែលជាសង្កាត់មួយ នៅភាគនិរតីទីក្រុងម៉ូស្គូជាកន្លែង ដែលអ្នកជំងឺកំពុងទទួលការព្យាបាលជំងឺ COVID-19 ។ វីដេអូមួយបានលេចចេញតាម អ៊ីនធឺណេតដែលប្រធានាធិបតីរុស្ស៊ីត្រូវបានគេមើលឃើញថា ស្លៀកឈុតការពារមេរោគ hazmat ពណ៌លឿង និងឧបករណ៍ដកដង្ហើម ដែលព័ទ្ធជុំវិញដោយបុគ្គលិកមន្ទីរពេទ្យ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ធ្លាប់បាននិយាយថា ឧបនាយករដ្ឋមន្ត្រីលោក Tatyana Golikova អភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mikhail Murashko បានជួបប្រជុំជាមួយប្រធានាធិបតីពូទីន ជាកន្លែងដែលលោកបានជូនដំណឹងដល់ពួកគេថា លោកនឹងទៅទីក្រុង Kommunarka ដើម្បីពិនិត្យមើលស្ថានភាពការងារនៅឯមន្ទីរពេទ្យ។
ប្រធានាធិបតីរុស្ស៊ីមុននេះបានបញ្ជាក់ថា លោកគ្រោងនឹងពិភាក្សាពីវិធានការ វេជ្ជសាស្រ្តពិសេស ដើម្បីទប់ស្កាត់ការឆ្លងវីរុស ជាមួយគណៈរដ្ឋមន្រ្តី៕