ភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងដើម្បីទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៧សីហាបានចាត់ចែងកម្លាំងមានសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម តាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយនិងការល្បាត ចល័តកម្លាំងតាមគោលដៅ ច្រកចេញ-ចូលរាជធានីភ្នំពេញផងដែរ។
លោក ឃួង ស្រេង កាលពីរសៀលថ្ងៃ១៧សីហាបានផ្ញើរសារជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ដោយអាជ្ញាធរនិងកងកម្លាំងយកអស់កម្លាំងកាយចិត្ត ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ។ ជាក់ស្តែងនៅពេលនេះ កម្លាំងមួយចំនួនធំ កំពុងការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ៕