ព័ត៌មានជាតិ

អរគុណ សម្រាប់រយៈពេល ៣០ ឆ្នាំ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គាំទ្រសហគមន៍មូលដ្ឋាន នៅសង្កាត់ព្រែកឯង ដោយផ្តល់អំពូលភ្លើង តាមដងផ្លូវដែលប្រើពន្លឺព្រះអាទិត្យ និងកញ្ចប់អំណោយ

ភ្នំពេញ ៖ ក្នុងអំឡុងខួបលើកទី ៣០ ឆ្នាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាមួយនឹងប្រធានបទ «អរគុណសម្រាប់រយៈពេល ៣០ ឆ្នាំ» ក្រុមហ៊ុនបានជួយ ដល់សហគមន៍ជុំវិញរោងចក្រ របស់ខ្លួន ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដើម្បីជួយលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ និងបានផ្តល់កញ្ចប់អំណោយ ដល់គ្រួសារដែលមាន ជីវភាពខ្វះខាត។

ដោយជាការអរគុណ សម្រាប់៣០ឆ្នាំរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលជានិមិត្តរូប នៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ខ្លួន ក្នុងការធ្វើឱ្យប្រទេសកម្ពុជា កាន់តែប្រសើរ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើង តាមដងផ្លូវ ដែលប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន ៨០ ដើម្បីដំឡើងគ្របដណ្តប់ លើផ្លូវ ប្រវែង ៤ គីឡូម៉ែត្រនៅក្នុងភូមិរបោះអង្គាញ់ និង ភូមិរបោះអង្គាញ់ ១ ។ បន្ថែមពីនេះ ក្រុមហ៊ុនបានបរិច្ចាគកញ្ចប់ អំណោយចំនួន ១៣២ សម្រាប់គ្រួសារ ដែលមានជីវភាពខ្វះខាត នៅទីនោះ ។ កម្មវិធីប្រគល់អំពូលភ្លើង បំភ្លឺផ្លូវ និងកញ្ចប់អំណោយ ដល់សហគមន៍នេះ ធ្វើឡើងដោយ មានការចូលរួម ពីអភិបាលខណ្ឌច្បារ អំពៅ លោក ចេង មុនីរ៉ា និងចៅសង្កាត់ព្រែកឯង លោក សំ សុធារី ក៏ដូចជាមានការចូលរួម ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ១៣២ នាក់ ។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកភូមិចំពោះការប្រគល់អំពូលភ្លើងតាមដងផ្លូវ និងកញ្ចប់អំណោយនេះ ដោយពួកគេបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនលើការគាំទ្រនេះ។ បន្ថែមពីនេះ បុគ្គលិកក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌាចំនួន ៣០ នាក់ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្ររបស់ពួកគេ និងបង្ហាញពីការ «អរគុណ» ទៅកាន់អ្នកភូមិទីនោះផងដែរ។

ក្នុងពិធីប្រគល់នេះ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានមានប្រសាសន៍ថា៖ «យើងខ្ញុំរីករាយ និង អរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលបានជួយដល់សហគមន៏ក្នុងមូលដ្ឋាន មិនមែនតែថ្ងៃនេះប៉ុណ្ណោះទេ តែអស់រយៈពេល ៣០ ឆ្នាំកន្លងមកហើយ។ ក្រុមហ៊ុនក៏បានជួយបង្កើតការងារ ក៏ដូចជាបានជួយដល់សេដ្ឋកិច្ច ក្នុងតំបន់ផងដែរ។ សូមជូនពរអោយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រីកចម្រើនទៅមុខ និងជួយអោយប្រទេសកម្ពុជា យើងកាន់តែប្រសើរជាងមុន។» ។

លោកស្រី Anne de Graaf នាយកផ្នែកកិច្ចការ សាជីវកម្ម នៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា ៖ «យើងគឺជាអ្នកវិនិយោគ អន្តរជាតិដំបូង គេម្នាក់ នៅក្នុងប្រទេសកម្ពុជា កាលពី ៣០ ឆ្នាំមុន ហើយយើងនៅតែប្តេជ្ញាចិត្ត ក្នុងការរួមចំណែកដល់ប្រទេសកម្ពុជា និងរីកចម្រើន ជាមួយសហគមន៍ មូលដ្ឋានរបស់យើង ។ យើងអាចរីកចម្រើនបាន លុះត្រាតែអ្នកដែលនៅជុំវិញ យើងក៏រីកចម្រើនដូចគ្នា។ យើងសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រឥតឈប់ឈររបស់អ្នកដែលនៅជុំវិញ រោងចក្ររបស់យើង ហើយយើងពិតជាចង់បង្ហាញ ឱ្យកាន់តែច្បាស់ថែមទៀត ខណៈដែលយើងអបអរដល់ឆ្នាំដ៏ពិសេសនេះ អរគុណ!»

អ្នកស្រុកម្នាក់ ដែលបានទទួលកញ្ចប់អំណោយបាននិយាយថា៖ «យើងពិតជាអរគុណចំពោះការគាំទ្រ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ អំពូលភ្លើង តាមដងផ្លូវដែលប្រើប្រាស់ ថាមពលពន្លឺព្រះអាទិត្យ នឹងធ្វើអោយសុវត្ថិភាពភូមិរបស់យើងប្រសើរឡើង ។ ការចែកជូនកញ្ចប់អំណោយនេះ បង្ហាញពីការគិតគូរ មកដល់ពួកយើង ហើយអំណោយនេះ នឹងជួយដល់គ្រួសារជាច្រើនដែលកំពុងខ្វះខាត»។
មេភូមិព្រែកឯង បានមានប្រសាសន៍ថា ៖ «យើងសូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ការចូលរួមចំណែក ជួយសហគមន៍ មូលដ្ឋាន របស់យើង។ យើងមានអំណរគុណក្រៃលែង ដែលមានក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាអ្នកជិតខាង ដែលតែងតែចូលរួមចំណែក ដល់សុខុមាលភាពអ្នកស្រុករបស់យើង» ។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមយ៉ាងខ្ជាប់ខ្ជួន និងគាំទ្រសហគមន៍មូលដ្ឋាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គំនិតផ្តួចផ្តើមរបស់ពួកគេរួម មានការដាំដើមឈើជាង ១០.០០០ ដើមនៅទូទាំងសហគមន៍ចំនួន ៥ ផ្សេងៗគ្នា ការបរិច្ចាកអំពូលភ្លើងតាមដងផ្លូវ ដែលប្រើប្រាស់ពន្លឺព្រះអាទិត្យចំនួន ៨០០ និងជួយដល់គ្រួសារចំនួន ១.៨០០ នៅជិតរោងចក្ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្នុងរយៈពេលជាង ៣០ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណង ក្នុងការផ្តល់ជូន នូវភាពវិជ្ជមាន លើការរស់នៅរបស់មនុស្សជាច្រើនដោយជំរុញឱ្យមានការយល់ដឹង អំពីសហគមន៍ និងការថែរក្សាបរិស្ថាន ៕

To Top