ព័ត៌មានអន្តរជាតិ

Update៖ ក្រុមហ៊ុនអាកាសចរណ៍ធំៗ នៅក្នុងបណ្តាប្រទេស អឺរ៉ុប ប្រកាសផ្អាក ដំណើរការហោះហើរ ស្របពេលមានជម្លោះ កើតឡើងខ្លាំង រវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធហេបូឡា

ប្រ៊ុចស៊ែល៖ កាលពីថ្ងៃអាទិត្យ ក្រុមហ៊ុនអាកាសចរណ៍ធំ ៗ ជាច្រើននៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប បានប្រកាសពីការផ្អាក ជើងហោះហើរទៅ និងមកពីប្រទេសអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីមានជម្លោះកាន់តែខ្លាំងឡើង នៅភូមិភាគកណ្តាល រវាងប្រទេសទាំង២ ។

យោងតាមទូរទស្សន៍បារាំងឈ្មោះថា BFMTV បានផ្សព្វផ្សាយឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air France បានសម្រេចចិត្តផ្អាកជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអ៊ែល និងទីក្រុង Beirut របស់ប្រទេសលីបង់ រហូតដល់ថ្ងៃចន្ទនេះ ដោយសារតែភាពតានតឹង កើនឡើងនៅក្នុងតំបន់ ។

អ្នកនាំពាក្យមកពីក្រុមហ៊ុន Air France បានលើកឡើងថា “ជើងហោះហើរនៅថ្ងៃនេះ និងថ្ងៃស្អែកត្រូវបានលុបចោលហើយ” ដោយបានធ្វើការកត់សម្គាល់ថា ការផ្អាកនេះអាចត្រូវបានពន្យារពេល បន្ទាប់ពីក្រុមហ៊ុនធ្វើការវាយតម្លៃ ជាថ្មីមួយនៅថ្ងៃចន្ទនេះ ។

ស្រដៀងគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ British Airways បានប្រកាសផ្អាកជើងហោះហើរទៅកាន់ និងពីទីក្រុង Tel Aviv របស់ប្រទេសអ៊ីស្រាអ៊ែល រហូតដល់ថ្ងៃពុធ ។

ក្រុមហ៊ុនអាកាសចរណ៍ Wizz Air របស់ប្រទេសហុងគ្រី ក៏បានបង្ហោះនៅលើគេហទំព័រ របស់ខ្លួនយ៉ាងដូច្នេះថា “ដោយសារតែស្ថាន ភាពកើនឡើង នៅក្នុងតំបន់ Wizz Air ខ្លួនក៏កំពុងផ្អាក ជើងហោះហើរទៅ និងមកពីប្រទេសអ៊ីស្រាអ៊ែល ជាបណ្តោះអាសន្នពីថ្ងៃទី២៥ ខែសីហា” ដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top