ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក អ៊ី សុខឃី​ អំពាវនាវភ្នាក់ងារសន្ដិសុខ ឯកជនសហការ ផ្ដល់ព័ត៌មានមកសមត្ថកិច្ច

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គស្នងការរង នគរបាលជាតិ បានអំពាវនាវដល់ភ្នាក់ងារ សន្ដិសុខឯកជនទាំងអស់ ក្នុងករណីឃើញ ឬសង្ស័យ លើសកម្មភាពល្មើសណាមួយ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនដោយផ្ទាល់ តាមរយៈលេខទូរស័ព្ទដែលបានផ្ដល់ជូន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។

ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព តំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងពិធីបិទវគ្គ បំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៣ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី បានគូសបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន គឺជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច ហើយត្រូវដើរតួនាទីជាពលរដ្ឋល្អ និងមហាជនល្អ។

លោកឧត្តមសេនីយ៍ឯក បានអះអាងថា កន្លងមកអគ្គស្នងការដ្ឋាន នគរបាលជាតិ ដែលមាននាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យ ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ មានសមត្ថភាព ចំណេះដឹងវិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យ នេះឲ្យកាន់តែរីកចម្រើនជាបន្ដបន្ទាប់ ដែលនេះជាលើកទី៦៣ហើយ ដែលនាយកដ្ឋាន គ្រប់គ្រងសន្ដិសុខឯកជន បានរៀបចំវគ្គបំប៉នជំនាញ ភ្នាក់ងារសន្ដិសុខឯកជន។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ក៏បានស្នើដល់នាយកក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងគ្រឹះស្ថាននានា ត្រូវបន្ដចូលរួមគាំទ្រដល់វគ្គបណ្ដុះបណ្ដាលនេះ ដោយត្រូវបញ្ជូនភ្នាក់ងារសន្ដិសុខឯកជន មកចូលរួមវគ្គសិក្សា។ លោក បន្ដថា សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបាន ពីការសិក្សានេះទៅអនុវត្ត និងបន្ដពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពច្នៃប្រឌិត និងមានភាពទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ។

យោងតាមរបាយការណ៍របស់ លោក ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានឲ្យដឹងថា ការបើកវគ្គបំប៉នជំនាញនេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខ ឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែក ក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ៕

To Top