ព័ត៌មានអន្តរជាតិ

ប្រធាន IAEA ព្រមានពីហានិភ័យនៃឧប្បត្តិហេតុនុយក្លេអ៊ែរនៅក្នុងតំបន់ Kursk របស់រុស្ស៊ី

AFP

ម៉ូស្គូ៖ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានព្រមានពីហានិភ័យនៃឧបទ្ទវហេតុនុយក្លេអ៊ែរនៅរោងចក្រថាមពលនុយក្លេអ៊ែរ Kursk ដោយសារជម្លោះនៅក្បែរនោះ។

លោក Grossi បានឲ្យដឆងបន្ទាប់ពីបានទៅទស្សនារោងចក្រនៅតំបន់ Kursk របស់រុស្ស៊ី តាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ដើម្បីវាយតម្លៃស្ថានភាព និងធ្វើការជាមួយសហការីរុស្ស៊ី អំពីដំណោះស្រាយ ចំពោះបញ្ហាបច្ចុប្បន្នថា “មានហានិភ័យនៃឧប្បត្តិហេតុនុយក្លេអ៊ែរនៅទីនេះ” ។

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់កន្លែងសំខាន់ៗរបស់ខ្លួន លោក Grossi បានកត់សម្គាល់ថា រោងចក្រនុយក្លេអ៊ែរកំពុងដំណើរការក្រោមលក្ខខណ្ឌស្ទើរតែធម្មតា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Grossi បានលើកឡើងថា លោកត្រូវបានគេជូនដំណឹងអំពីការប៉ុនប៉ងវាយប្រហារដោយយន្តហោះដ្រូន លើគ្រឿងបរិក្ខាររបស់រោងចក្រ ដោយបន្ថែមថា លោកផ្ទាល់បានឃើញដាននៃការវាយប្រហារទាំងនេះ ក្នុងនោះ លោក​បាន​កត់​សម្គាល់​ថា សកម្មភាព​យោធា​នៅ​ក្បែរ​រោងចក្រ​នុយក្លេអ៊ែរ​នៅ​ទី​បំផុត​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ។

រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែន កាលពីថ្ងៃសុក្រថាបានព្យាយាមវាយប្រហារស្ថានីយថាមពលនុយក្លេអ៊ែរ Kursk ។  បំណែកយន្តហោះដ្រូនត្រូវបានគេរាយការណ៍ថា ស្ថិតនៅចម្ងាយប្រហែល ១០០ ម៉ែត្រពីកន្លែងផ្ទុកនុយក្លេអ៊ែររបស់រោងចក្រ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top