បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងនៅថ្ងៃពុធ ដោយចែករំលែកវីដេអូនៃការវាយប្រហារថា យន្តហោះចម្បាំងរុស្ស៊ីបានទម្លាក់គ្រាប់បែកលើទីតាំងមួយក្នុងតំបន់ Sumy របស់អ៊ុយក្រែន ដែលត្រូវបានប្រើដើម្បីលាក់ប្រព័ន្ធរ៉ុក្កែត HIMARS និងគ្រាប់បែកដែលបរិច្ចាគដោយលោកខាងលិច ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីតាំងដែលជាកន្លែងដែលឧប្បត្តិហេតុបានកើតឡើងត្រូវបានយោធាកំណត់អត្តសញ្ញាណថាជាភូមិ Kondratovka ដែលស្ថិតនៅចម្ងាយប្រហែល ៣ គីឡូម៉ែត្រពីតំបន់ Kursk នៃប្រទេសរុស្ស៊ី។ កងកម្លាំងអ៊ុយក្រែនបានឆ្លងកាត់ព្រំដែនកាលពីដើមខែនេះ នៅក្នុងអ្វីដែលក្រុងកៀវឥឡូវនេះអះអាងថា ជាប្រតិបត្តិការមួយដើម្បីបង្កើត “តំបន់ការពារ” នៅលើដីរុស្ស៊ី។
ការទម្លាក់គ្រាប់បែកជាក់ស្តែងត្រូវបានធ្វើឡើងក្នុងពេលយប់នៅក្នុងចង្កោមនៃអគារប្រភេទរោងចក្រដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុង Kondratovka ។ ថតពីលើអាកាស ខ្សែវីដេអូបង្ហាញពីអ្វីដែលហាក់ដូចជាគ្រាប់បែកហោះ វាយប្រហារគោលដៅ និងបណ្តាលឱ្យមានការផ្ទុះដ៏ធំខ្លាំងក្លាមួយ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងទ័ពអាកាសរុស្ស៊ីបានកម្ទេចឧបករណ៍បាញ់កាំជ្រួច HIMARS មួយគ្រឿង, គ្រាប់ និងរថយន្តជំនួយមួយគ្រឿង។
ទីក្រុងគៀវកំពុងប្រើអាវុធដែលបរិច្ចាគដោយលោកខាងលិចក្នុងការលុកលុយចូលក្នុងតំបន់ Kursk ។ ការតាមដានដែលចេញផ្សាយដោយក្រសួងរុស្ស៊ីកាលពីថ្ងៃអង្គារបាននិយាយថា ទាហានអ៊ុយក្រែនបានបាត់បង់ឧបករណ៍បាញ់កាំជ្រួច HIMARS ចំនួន ៤ និងរថយន្ដបាញ់រ៉ុក្កែត MLRS ចំនួនមួយក្នុងអំឡុងពេលប្រតិបត្តិការ រួមជាមួយនឹងបំណែកនៃអាវុធធុនធ្ងន់ជាច្រើនទៀត៕
ប្រែសម្រួលៈ ណៃ តុលា