ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នេះ គណបក្សហ៊្វុនស៊ិនប៉ិច បានប្រារព្ធពិធីជួបជុំអតីតអ្នកតស៊ូ ដែលធ្លាប់បានដង្ហែ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះរាជបិតាស្ថាបនិកហ៊្វុនស៊ិនប៉ិច និង សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ក្រោមព្រះអធិបតីដ៏ខ្ពង់ខ្ពស់ របស់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅទីស្នាក់ការកណ្តាល ផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ព្រឹទ្ធាចារ្យ អតីតអ្នកតស៊ូ និងថ្នាក់ដឹកនាំគណបក្ស សមាជិក សមាជិកា មកពីគ្រប់រាជធានី ខេត្ត ប្រមាណ ២០០នាក់ ។
នៅក្នុងពិធីដ៏នក្ខត្តឬក្សនេះផងដែរ ក៏មានការនិមន្តព្រះសង្ឃស្វាធ្យាជយោន្តតោ បង្សុកូល រាប់បាត្រ ដើម្បីឧទ្ទិសមហាកុសល និងជាការរំលឹកគុណ ដឹងគុណ ជូនដល់ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រមទំាងវិញ្ញាណក្ខន្ធវីរជនអ្នកតស៊ូ ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា និង ព្រះមហាក្សត្រ ។
មានព្រះបន្ទូលសំណេះសំណាលក្នុងឱកាសនោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានថ្លែងអំណរគុណចំពោះចាស់ព្រឹទ្ធាចារ្យ អតីតអ្នកតស៊ូ ដែលបានអញ្ជើញមកចូលរួមក្នុងពិធីដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅនាពេលះនេះ ព្រមទំាងចងចាំជានិច្ចក្នុងក្រអៅបេះដូងនូវគុណបំណាច់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំហ៊្វុនស៊ិនប៉ិចគ្រប់ជំនាន់ និងអ្នកតស៊ូ ចំពោះប្រជាជាតិខ្មែរ និងមាតុភូមិកម្ពុជា៕