ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ភ្នំបៃតង ទឹកស្អាត បានក្លាយជាទីបង្អែក នៃសុខសុភមង្គល របស់ប្រជាជន

នៅខែសីហា ដីស្រែតាមជម្រាលភ្នំLongji នៅភូមិភាគស្វយ័តក្វាងស៊ី នៃប្រទេសចិន មានទេសភាពពណ៌បៃតង ស្រស់ស្អាត និងមានអ្នកទេសចរ យ៉ាងច្រើនសន្ធឹក ។ តំបន់រមណីយដ្ឋាននេះ ដែលមានទេសភាពធម្មជាតិ ដ៏ស្រស់ស្អាតផង និងទំនៀមទម្លាប់ប្រពៃណី ពិសេសរបស់ជនជាតិ ភាគតិចផង បានក្លាយជាតំបន់ មានប្រជាប្រិយភាព ដែលបានទាក់ទាញ អ្នកទេសចរតំបន់នានា នៅទូទាំងពិភពលោក ទៅដើរលេងកម្សាន្ត ព្រមទាំងទទួលបានងារជា “សម្បតិ្តបេតិកភណ្ឌវប្បធម៌ ផ្នែកកសិកម្មដ៏សំខាន់ នៅទូទាំងពិភពលោក ”ពីអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិទៀតផង ។

ពិបាកនឹកស្មានថា នៅកាលពីមុន តំបន់នេះ ធ្លាប់ជាតំបន់ភ្នំដាច់ស្រយាលនិងរហោឋាន ។ ដោយសារដីស្រែ តាមជម្រាលភ្នំពិបាក ធ្វើស្រែណាស់ បើប្រៀបធៀបនឹង តំបន់វាលទំរាប គ្រាន់តែពឹងផ្អែកលើប្រាក់ចំណូល ពីការធ្វើស្រែមិនអាច ចិញ្ចឹមជីវិតបានទេ បានជាយុវជនជាច្រើន បានចេញពីស្រុកកំណើត ដើម្បីរកស៊ីនៅតំបន់ខាងក្រៅ ដីស្រែមួយចំនួនធំត្រូវគេទុកចោល ។ ដើម្បីធ្វើឱ្យដីស្រែ តាមជម្រាលភ្នំអាចមាន ភាពរស់រវើកឡើងវិញ រដ្ឋបាលក្នុងតំបន់ បានស្វែង រកមធ្យោបាយ គ្រប់បែបយ៉ាងក្នុងន័យកែលម្អវិធីសាស្ត្រធ្វើស្រែ ហើយបានរៀបចំក្រុមជួយ ដាំដំណាំដោយ ស្ម័គ្រចិត្ត ដើម្បីជួយគ្រួសារក្រីក្រ និងអ្នកភូមិដែលបាត់បង់សមត្ថភាព ការងារដាំដំណាំនៅដីស្រែ ដោយឥតគិតថ្លៃ ព្រមទាំងបានស្វែងរក និងបង្កើតរូបមន្តអភិវឌ្ឍន៍ថ្មី “សហគ្រាស+ដីស្រែតាមជម្រាលភ្នំ+កសិករ” និងពឹងផ្អែកលើទេសភាព ដ៏ពិសេសរបស់ដីស្រែតាមជម្រាលភ្នំ អភិវឌ្ឍអេកូទេស ចរណ៍យ៉ាងសកម្ម ។ បច្ចុប្បន្ននេះ ដីស្រែតាមជម្រាលភ្នំLongji មិនត្រឹមតែជាទីកំណើត របស់ប្រជាជនក្នុងតំបន់នោះទេ ថែមទាំងក៏មានឈ្មោះល្បីល្បាញនៅទូទាំងពិភពលោក ដោយសារទីតាំងភូមិសាស្ត្រ ដ៏វិសេសវិសាល វប្បធម៌កសិកម្មនិង ទំនៀមទំលាប់ របស់ជនជាតិភាគតិចផងដែរ ។

បរិស្ថានអេកូឡូស៊ីដ៏ល្អប្រសើរ បានបង្កប់តម្លៃសេដ្ឋកិច្ចដ៏ច្រើនលើសលប់ ដូច្នេះ រដ្ឋាភិបាលចិនបានដាក់ចេញ គោលនយោបាយមួយចំនួន ដើម្បីបង្កើន ការងារអភិរក្សអេកូឡូស៊ី ខិតខំប្រឹងប្រែងសម្រេចបាននូវ “ភាពឈ្នះ-ឈ្នះ” នៃការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិរក្សអេកូឡូស៊ី ធ្វើឱ្យភ្នំបៃតងទឹកស្អាតក្លាយជាទីបង្អែកនៃសុខសុភមង្គលរបស់ប្រជាជន ។ កិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី២០ ដែលបើកធ្វើនៅខែកក្កដា ឆ្នាំនេះបានធ្វើការរៀបចំចាត់ចែង ជាពិសេសចំពោះការធ្វើឱ្យស៊ីជម្រៅ នូវកំណែទម្រង់ខាងប្រព័ន្ធរបបអរិយធម៌អេកូឡូស៊ី ព្រមទាំងបានលើកឡើងថា ត្រូវពន្លឿន ការធ្វើឱ្យមានសុក្រឹតភាព និងអនុវត្តប្រព័ន្ធ និងយន្តការ នៃទស្សនៈស្តីពីភ្នំបៃតង ទឹកស្អាតគឺជាភ្នំមាសភ្នំប្រាក់ ធ្វើឱ្យប្រព័ន្ធ អភិបាលកិច្ចបរិស្ថាន អេកូឡូស៊ី មានភាពល្អពេញលេញ និងជំរុញការរួមរស់នៅ ដោយសុខដុមរមនា រវាងមនុស្សជាតិ និងធម្មជាតិ ។

ក្នុងនាមជាប្រទេសធំ ដែល មានប្រជាជន ចំនួន១៤០០លាននាក់ ប្រទេសចិន បានផ្តោត ការយកចិត្តទុក ដាក់និងបណ្តាក់ទុន យ៉ាងច្រើន ដែលមិន ធ្លាប់មាន កាលពីមុនក្នុង ការអភិរក្សបរិស្ថានអេកូឡូស៊ី បានខិតខំប្រឹងប្រែងជំរុញ វិធីបង្កើនផលនិង បែបផែនជីវភាពរស់នៅ ប្រកបដោយភាពបៃតង បន្តកែលម្អគុណភាពអេកូបរិស្ថាន និងជំរុញឱ្យការអភិវឌ្ឍ សេដ្ឋកិច្ចនិងកំណើន ប្រាក់ចំណូលរបស់ប្រជាជន ត្រូវលើកកម្ពស់ជាមួយគ្នា ដោយឡែក ទស្សនៈនិងការអនុវត្ត របស់ប្រទេសចិន ក្នុងការរួមគ្នា កសាងពិភពលោកដ៏ស្រស់ប្រិមប្រិយ ក៏ទទួលបានការកោតសរសើរ កម្រិតខ្ពស់ពីសំណាក់ សហគមន៍អន្តរជាតិផងដែរ ។

លោក ខ្វៃ អាទិត្យាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាននៃប្រទេសកម្ពុជាបានថ្លែងថា ទស្សនៈរបស់ចិនស្តីពី “ភ្នំបៃតងទឹកស្អាត គឺជាភ្នំមាសភ្នំប្រាក់”និង យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» របស់រាជរដ្ឋាភិបាលកម្ពុជា មានអត្ថន័យប្រហាក់ ប្រហែលគ្នា សុទ្ធតែមានគោលបំណង ធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អប្រព័ន្ធអេកូឡូស៊ី គ្រប់គ្រងបរិស្ថាន និង លើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាជន ។ ការអនុវត្ត ជាក់ស្តែងនិង បទពិសោធរបស់ចិន ក្នុងការគ្រប់គ្រងបរិស្ថាននិងប្រភពធនធាន ធម្មជាតិ អាចចែករំលែកជាមួយពិភពលោក និងជួយប្រទេសដទៃទៀត កែលម្អបរិស្ថាន ក្នុងតំបន់ ដែលរងការបំពុល និងធ្វើឱ្យបរិស្ថានមានភាព កាន់តែស្រស់ស្អាត ក៏ដូចជាកាន់តែសមស្រប នឹងជីវភាពរស់នៅ របស់ប្រជាជន។

លោក Simon Stiell លេខាប្រតិបតិ្ត នៃលេខាធិការដ្ឋាន «អនុសញ្ញា ស្តីពីក្របខណ្ឌបម្រែបម្រួល អាកាសធាតុនៃអង្គការ សហប្រជាជាតិ» បានថ្លែងថា នៅតាមផ្លូវអភិវឌ្ឍបៃតង ប្រទេសចិនបានខិតខំ ប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពផលិតកម្ម គុណភាពថ្មី និងបង្កើនការផ្តល់ការគាំទ្រដល់ប្រទេស កំពុងអភិវឌ្ឍន៍ផ្សេងទៀតតាម រយៈកិច្ចសហប្រតិបតិ្តការ រវាងប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលបានបង្ហាញ ឱ្យឃើញនូវទំនួលខុសត្រូវរបស់ប្រទេសធំ ព្រមទាំងបានបង្កើន ការបណ្តាក់ទុន និងអភិវឌ្ឍបច្ចេកទេសថាមពល អាចកកើតឡើងវិញ ជួយពិភពលោកទាំងមូលកាត់ បន្ថាយការពឹងផ្អែក ទៅលើឥន្ធនៈហ្វូស៊ីល និងធ្វើបរិវត្តកម្មសេដ្ឋកិច្ចកាបូនទាប សមិទ្ធផល ដែលប្រទេសចិន ទទួលបានគួរឱ្យកត់សម្គាល់។
ក្នុងដំណើរទំនើបកម្មដែលស្វែង រកការរួមរស់នៅជាមួយគ្នា ប្រកបដោយភាព ចុះសម្រុងគ្នា រវាងមនុស្សនិងធម្មជាតិ ការអភិរក្សបរិស្ថា នអេកូឡូស៊ី មិនត្រឹមតែបានកែលម្អ “ភាពស្រស់ស្អាត ”របស់ភ្នំបៃតងទឹកស្អាតប៉ុណ្ណោះទេ ថែមទាំងក៏ ធ្វើឱ្យប្រជាជន អាចរកបានការងារ ធ្វើនិងបង្កើន ប្រាក់ចំណូលទៀតផង ភ្នំបៃតងទឹកស្អាត បានក្លាយជា ទីបង្អែកនៃសុខ សុភមង្គល របស់ប្រជាជន ។ នេះជាទស្សនៈស្នូល សម្រាប់ណែនាំឱ្យកិច្ច កសាងអរិយធម៌អេកូឡូស៊ី របស់ចិនទទួល បានប្រសិទ្ធភាព ដ៏ធំធេង ហើយក៏បានផ្តល់ផែនការ ចិន និងតម្រិះប្រាជ្ញាចិន ដល់ទូទាំងពិភពលោក ក្នុងការដោះស្រាយ ភាពជាប់គាំង លើវិស័យបរិស្ថានអេកូឡូស៊ី ។ នៅពេលអនាគត ប្រទេសចិននិងបណ្តាប្រទេស នានាលើពិភពលោក នឹងចាប់ដៃគ្នា រួមគ្នាទប់ទល់នឹងបញ្ហា ប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការការពារជីវចម្រុះ ជាដើម ក្នុងន័យបង្កើត ជាកម្លាំងរួមដ៏ខ្លាំងក្លា ដើម្បីអភរិក្សភពផែនដី និងរួមគ្នាបង្កើតភពផែនដី ដ៏ស្រស់ស្អាតដែលជាទីកំណើត រួមរបស់មនុស្សជាតិ ៕

To Top