ភ្នំពេញ ៖ ករណីជនជាតិចិន ២នាក់ ក្នុងចំណោម១៧៤ ដែលមានអាការៈ លើសកម្ដៅ និងបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត ដោយត្រូវបានដាក់ឲ្យនៅ ដាច់ដោយឡែក ពីគេផងនោះ ត្រូវក្រសួងសុខាភិបាល បញ្ជាក់ថា លទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ១៩ និងបានអនុញ្ញាត អោយចេញពីមន្ទីរពេទ្យ ខេត្តស្វាយរៀង នៅថ្ងៃនេះ ។
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី ការរកឃើញ៤ករណីថ្មីទៀត ជាជនជាតិខ្មែរ វិជ្ជមានវីរសុសកូវីដ១៩ និងអ្នកព្យាបាល ជាសះស្បើយ ជាបុរសជនជាតិខ្មែរ ២នាក់ នៅរាជធានីភ្នំពេញ និង បន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា “ករណីជនជាតិចិន ១៧៤នាក់ ធ្វើដំណើរ តាមជើងហោះហើរមួយ មកពីហ្វីលីពីន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដើម្បីវិលត្រឡប់ទៅប្រទេសចិនវិញ តាមជើងហោះហើរមួយទៀត ដែលត្រូវបន្តនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។ ពួកគាត់ ត្រូវបានធ្វើដំណើរ មកសម្រាកនៅសណ្ឋាគារមួយនៅបាវិត ខេត្តស្វាយរៀង ។ ក្នុងចំណោមជនជាតិចិន ១៧៤នាក់ មាន២នាក់ មានបុរសអាយុ ២៦ឆ្នាំ និងបុរស ៣២ឆ្នាំ មានអាការៈក្តៅខ្លួន ហើយមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង បានយកវត្ថុសំណាក ទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយទទួលបាន លទ្ធផលតេសត្ត អវិជ្ជមាន វីរុសកូវីដ១៩” ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា “បច្ចុប្បន្នបុរសទាំងពីរនាក់នេះ ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ ខេត្តស្វាយរៀង នៅថ្ងៃនេះ” ។
សូមរំលឹកថា មានជនជាតិចិន១៧៤ បានធ្វើដំណើរតាម រថយន្តក្រុងមកចុះ នៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូ ជិតច្រកទ្វាព្រំដែន អន្តរជាតិបាវិត កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២០ នៅក្រុងបាវិត ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មហាជន ក្រុមសមត្ថកិច្ចន គបាលក្រុងបាវិត សហការជាមួយ កងរាជអាវុធហត្ថក្រុងបាវិត និងនគបាលអន្តោប្រវេសន៍ ច្រកទ្វាព្រំដែន អន្តរជាតិបាវិត អាជ្ញាធរក្រុងបាវិត បានឃាត់ខ្លួន និងអញ្ជើញជនជាតិចិន ទាំង១៧៤នាក់ (ស្រី៣៧នាក់) មកដាក់នៅសាលាក្រុងបាវិត អធិការដ្ឋាននគបាលក្រុងបាវិត និងអគារកងរាជអាវុធហត្ថ ក្រុងបាវិត ដើម្បីគ្រប់គ្រងនិងធ្វើចត្តាឡីស័ក ។
សូមរំលឹកបន្ថែមថា ក្រោយបានចូលមកកាន់កម្ពុជា បានរយៈពេល២ថ្ងៃ ជនជាតិចិន២នាក់ មានលើសកម្តៅ ដែលត្រូវបានមន្រ្តីជាន់ខ្ពស់ សាលាខេត្តស្វាយរៀង បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី២៦ មីនា ២០២០ថា ជនជាតិចិន២នាក់ ក្នុងចំណោម១៧៤នាក់ ត្រូវបានរកឃើញលើសកម្ដៅ បញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្ត និងដាក់ឲ្យនៅដាច់ ដោយឡែកពីគេផងដែ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ អ្នកដែលបានព្យាបាលជាសះស្បើយ សរុប មានចំនួន១៣នាក់ (បុរសជនជាតិចិន១ម្នាក់ ស្ត្រីជនជាតិអង់គ្លេស ម្នាក់ និងបុរសជនជាតិខ្មែរ ១១នាក់) គិតពីខែមករា ដល់បច្ចុប្បន្ននេះ និងមានអ្នកកំពុងសម្រាកព្យាបាល សរុប ៨៩នាក់ (ស្ត្រី២៦នាក់ បុរស៦៣នាក់) សរុបករណីវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់នៅទូទាំងប្រទេស មានចំនួន ១០២ករណី (ស្រី២៧នាក់ ប្រុស៧៥នាក់) ៕ ដោយ៖ ដារាត់