ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ផែនការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលថ្ងៃទី១៨ សីហា បានបរាជ័យ យ៉ាងអាម៉ាស

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ផែនការប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ក្រុមប្រឆាំងជ្រុលនិយម នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ បានទទួលបរាជ័យយ៉ាងអាម៉ាស ទាំងស្រុង ដោយសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតី នៅទូទាំងប្រទេស ។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បញ្ជាក់ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្រោមលេសធ្វើបាតុកម្មសម្តែងមតិ ដោយសន្តិវិធី បានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីអនុវត្តផែនការ ផ្ដួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត យ៉ាងស្របច្បាប់។

ក្រសួង បញ្ជាក់ថា «ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ បានទទួលបរាជ័យយ៉ាងអាម៉ាស ទាំងស្រុង ដោយសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ស្ថិរភាព និងសន្តិភាព ត្រូវបានធានាយ៉ាងរឹងមាំ ជាប្រក្រតីនៅទូទាំងប្រទេស។ ការបរាជ័យនៃផែនការ ក្រុមជ្រុលនិយមមួយក្តាប់តូចនេះ កើតចេញពីការអនុវត្តផែនការ សន្តិសុខ របស់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចចម្រុះគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រជាការពារ ទូទាំងប្រទេស»

ក្រសួង បន្ដថា ជាពិសេសកម្លាំងយុវជន និង ប្រជាជនគ្រប់មជ្ឈដ្ឋាន ពុំបានលង់ជឿលើឧបាយកលទុច្ចរិត ញុះញង់អុចអាលបោក បញ្ឆោតអូសទាញ ឱ្យចូលរួមនោះឡើយ។ លើសពីនេះ មេបណ្តាញមួយចំនួនទាំងក្នុង និងក្រៅប្រទេស បានភ្ញាក់រលឹកទាន់ពេលចូលសារភាព និងប្រកាសលាតត្រដាងអំពីផែនការទុច្ចរិត របស់មេក្លោងនៅពីក្រោយខ្នងផងដែរ ។ តែទោះជាយ៉ាងក៏ដោយ ក៏នៅមានក្រុមជនជ្រុលនិយម មួយយក្ដាប់តូច នៅតែបន្តអនុវត្តតាមផែនការល្មើសច្បាប់នេះដោយធ្វើសកម្មភាពគ្រប់មធ្យោបាយ ដើម្បីចូលមកកាន់រាជធានីភ្នំពេញ។

តបទៅនឹងឥរិយាបថដ៏គឃ្លើននេះ អាជ្ញាធរដែនដី និងសមត្ថកិច្ច ពាក់ព័ន្ធបានចាត់វិធានការរារាំង ទប់ស្កាត់ ឃាត់ដំណើរ ជនសង្ស័យ ដែលអាចជាមុខសញ្ញា ចូលមករាជធានីភ្នំពេញ បានចំនួន១៨៨នាក់ ដោយពន្យល់អប់រំណែនាំរួចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ បានឃាត់ខ្លួន និងអនុវត្តវិធានការរដ្ឋបាល ដោយគ្រាន់តែអប់រំណែនាំធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៥៧នាក់ និងបានឃាត់ខ្លួនមេបណ្តាញមួយចំនួនបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ ភ្ជាប់ដោយភស្តុតាងយ៉ាងរឹងមាំ រួមមានអាវុធកែច្នៃផ្សេងៗ ឧបករណ៍សម្ភារៈបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស សារសំឡេងបញ្ជញុះញង់ ឱ្យប្រើហិង្សា ព្រមទាំងមធ្យោបាយល្មើសមួយចំនួនទៀត សម្រាប់អនុវត្តផែនការ ដ៏ខ្មៅងងឹតនេះ ។

ក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូនចំពោះប្រជាជនទូទាំងប្រទេស ដែលបានបង្ហាញ នូវស្មារតីសាមគ្គីដ៏រឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ ថែរក្សាសុខសន្តិភាព និង ស្ថិរភាពសង្គម ។ ដូចគ្នានេះ សូមកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ រួមនឹងកម្លាំង ប្រជាការពារ ដែលបានបំពញតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធានារក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម។ ជាពិសេស សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការបំផ្លាញចោលទាំងស្រុង នូវផែនការទុច្ចរិតរបស់ក្រុមប្រឆាំង ជ្រុលនិយមមួយក្តាប់តូច ដែលយកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីប្រមូលកម្លាំងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងុយុត្តិធម៌ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ ។

ក្រសួងមហាផ្ទៃ មានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិ របស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងកម្លាំងប្រជាការពារទូទាំងប្រទេស ក្នុងការបន្តស្មារតីដ៏អង់អាចចូលរួមជាមួយរាជរដ្ឋាភិបាល ស្របច្បាប់ដើម្បីការពាររក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាពក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

To Top