ព័ត៌មានជាតិ

និស្សិតបញ្ញវ័ន្តនៅកម្ពុជា ស្អប់ខ្ពើមការធ្វើបាតុកម្ម ដែលក្រុមជ្រុលនិយម ចង់ផ្ដួលរំលំរដ្ឋាភិបាល ស្របច្បាប់

ភ្នំពេញ៖ និស្សិតបញ្ញវ័ន្តនៅកម្ពុជា ស្អប់ខ្ពើមការធ្វើបាតុកម្ម ដែលក្រុមជ្រុលនិយមចង់ផ្ដួល រំលំរដ្ឋាភិបាលស្របច្បាប់ ដែលមានជនក្បត់ជាតិ ៣ជំនាន់ សម រង្សី នៅពីក្រោយ ដើម្បីញុះញង់ចង់ឱ្យមានបដិវត្តន៍ពណ៌ ។

យុវជន ទី ស៊ីមិញ ជានិស្សិតកំពុង សិក្សានៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបាននិយាយថា លោកមិនគាំទ្រដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល ក្នុងបំណងធ្វើឱ្យប្រទេសជាតិ មានភាពវឹកវរ ចលាចល និងបាត់បង់សុខសន្តិភាព ។
លោកបន្តថា ៖ «ក្នុងនាមខ្ញុំជានិស្សិត ហើយក៏ក្នុងនាមខ្ញុំជាយុវជនខ្មែរម្នាក់ ដែលកំពុងរស់នៅស្រុកខ្មែរ គឺខ្ញុំមិនគាំទ្រ ហើយខ្ញុំសូមថ្កោលទោស ទាំងស្រុង ចំពោះទង្វើទាំងអស់នេះ ព្រោះការញុះញង់ធ្វើឱ្យមានបដិវត្តន៍ពណ៌ អាចនឹងធ្វើ ឱ្យសង្គ្រាមស៊ីវិលកើតឡើង ។ ដូច្នេះយើងត្រូវតែចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ឱ្យខានតែបាន»។

យុវជន ម៉ាន់ សុឃីត អាយុ ២១ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសបាននិយាយថា បាតុកម្មនៅកូរ៉េខាងត្បូង ក៏ដូចជាបណ្តាប្រទេសផ្សេងៗគឺមានក្រុមប្រឆាំងនៅពីក្រោយខ្នងដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលមានគោលបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ មិនមែនជារឿងជំទាស់ការអភិវឌ្ឍនៅតំបន់ត្រីកោណ CLV នោះទេ។

លោកបន្តថា មេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី បំភ្លៃការពិតធ្វើឱ្យបងប្អូនពលករយល់ច្រឡំចំពោះកិច្ចសហប្រតិបត្តិការ CLV នាំឱ្យបាត់បង់ទឹកដី ប៉ុន្តែការពិតពួកគេប្រើកម្លាំងពលករ ដើម្បីធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតធ្វើឱ្យពលរដ្ឋដែលមិនបានគិតគូរច្បាស់លាស់ ធ្លាក់ខ្លួនក្លាយជាជនក្បត់ជាតិជាមួយក្រុមឧទ្ទាមទាំងនោះដែរ។

យុវជនរូបនេះបានបន្តថា៖ «ខ្ញុំសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអ្នកដែលបញ្ជានៅពីក្រោយខ្នង និងអ្នកដែលចូលរួមមួយក្តាប់តូច ក្នុងគោលបំណង ធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំ។ ប្រសិនបើរាជរដ្ឋាភិបាល មិនខំប្រឹងទប់ស្កាត់ទេ អាចក្លាយជារឿងសង្គ្រាមស៊ីវិលរ៉ាំរៃក្នុងស្រុក ដែលធ្វើឱ្យប្រជាជនទាំងអស់ មិនអាចរស់នៅបានសុខស្រួលនោះទេ»

យុវតី ភន រះសា កំពុងសិក្សាជំនាញអគ្គិសនីនៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេសបាននិយាយថា សកម្មភាពបាតុកម្មក្រោមលេស CLV គឺមិនអាចទទួលយកបានទេ ពលករនៅក្រៅប្រទេស គួរតែមានការគិតគូរឱ្យបានច្បាស់ មុននឹងចូលរួមសកម្មភាពទាំងនោះ ព្រោះក្បាលម៉ាស៊ីន ដឹកនាំបាតុកម្ម ធ្វើឡើងដើម្បីតែផលប្រយោជន៍ផ្តួលរំលំរដ្ឋាភិបាល និងការប្រមូលលុយប៉ុណ្ណោះ ។

យុវតីរូបនេះបានថ្លែងថា៖«ក្នុងនាមខ្ញុំជានិស្សិត និងក្រុមគ្រួសារ ខ្ញុំសូមថ្កោលទោសចំពោះពួកគាត់តែម្តង ជាពិសេសគឺក្បាលម៉ាស៊ីនដឹកនាំធ្វើបាតុកម្មហ្នឹង បើសិនណាជារាជរដ្ឋាភិបាល មានច្រកណាដែលអនុវត្តច្បាប់ចំពោះពួកគាត់ គឺឱ្យវាសមគួរតែអនុវត្តយ៉ាងតឹងរឹងបំផុត»។
ក្រុមបាតុករប្រឆាំងជ្រុលនិយម នៅកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ បានស្រែកអំពាវនាវឱ្យមានការរៀបចំផែនការផ្តួល រំលំរាជរដ្ឋាភិបាលកម្ពុជា បាតុករម្នាក់បានឡើងប្រកាសពីផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។

បាតុករស្ត្រីម្នាក់បានលើកឡើងថា ៖ «នៅពេលនេះ ខ្ញុំសូមសួរទៅបង គឹម សុខ ថាតើធ្វើយ៉ាងណាជួយរកក្បាលម៉ាស៊ីនដឹកនាំ ដើម្បីធ្វើបដិវត្តទម្លាក់ របបផ្តាច់ការចោល ទើបអាចប្តូរយករបបប្រជាធិបតីយ្យពិតប្រាកដ មកជូនប្រជាពលរដ្ឋខ្មែរ ។ បើយើងទម្លាក់របបផ្តាច់ការ ទើបទឹកដីខ្មែរ ស្ថិតនៅគង់វង្សជាអមតៈ»

សកម្មភាពនេះ គឺជាការបង្ហាញ សកម្មភាពយ៉ាងច្បាស់ និងលេចចេញធាតុពិត នៃការធ្វើបាតុកម្ម នៅសាធារណរដ្ឋកូរ៉េ ដែលមានការប៉ុនប៉ងផ្ដួល រំលំរាជរដ្ឋាភិបាលកម្ពុជា ។ បាតុកម្មនេះមានក្រុមជ្រុលនិយម របស់ជនក្បត់បីជំនាន់ សម រង្សី នៅពីក្រោយខ្នងរង់ចាំញុះញង់៕

To Top