ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ វិទ្យាស្ថានទំនាក់ទំនាក់ទំនង អន្តរជាតិ នៃកម្ពុជា របស់រាជបណ្ឌិត្យសភាកម្ពុជា បានសហការជាមួយមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរកម្ពុជារៀបចំវេទិកាទំនាក់ទំនងអន្តរជាតិ លើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោក ប្រកបដោយការផ្លាស់ប្តូរ និងតួនាទីរបស់មហាអំណាច សម្រាប់សន្តិភាព ស្ថិរភាព និង វិបុលភាពសាកល» ។
ពិធីបើកវេទិកានេះដែរ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា , លោក Jason Chumtong ប្រធានមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរប្រចាំកម្ពុជា, បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា។
វេទិកានេះមានគោលបំណងពិនិត្យ សណ្តាប់ធ្នាប់ពិភពលោកថ្មី នៅក្នុងបរិបទ នៃការប្រកួតប្រជែងគ្នា រវាង ប្រទេសមហាអំណាច ភាពតានតឹងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត, លើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីតួនាទីរបស់មហាអំណាច និងការអនុវត្ត របស់ពួកគេសម្រាប់សន្តិភាព និងសន្តិសុខពិភពលោក និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ស្តីពីសារៈសំខាន់នៃសន្តិភាព។
វេទិកានេះមានវាគ្មិន និងអ្នកចូល រួមមកពីស្ថាប័នធនាគារខួរក្បាលជាតិ និងអន្តរជាតិ សាស្ត្រាចារ្យ និង និស្សិតសាកលវិទ្យាល័យ តំណាងក្រសួង តំណាងស្ថានទូត បរទេសប្រចាំកម្ពុជា ថ្នាក់ដឹកនាំ និងអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងអ្នកសារព័ត៌មានសរុបប្រមាណ ១០០នាក់។
បើតាមលោកបណ្ឌិត គិន ភា នៅចុងវេទិកានេះ ក៏មានពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគ យល់គ្នា រវាងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជានិងមូលនិធិខុនរ៉ាដ អាដិណៅអ៊ែរ សម្រាប់រយៈពេល ៤ឆ្នាំ (២០២៤-២០២៧) ។ អនុស្សរណៈ នៃការយោគ យល់គ្នានេះ បញ្ជាក់ពីវិសាលភាព និងបង្កើតក្របខ័ណ្ឌ សម្រាប់កម្មវិធីកិច្ច សហប្រតិបត្តិការ រវាង ស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នានេះ នឹងប្រព្រឹត្តទៅក្រោម អធិបតីភាព របស់លោកបណ្ឌិតសភាចារ្យ សុខ ទូច៕