ព័ត៌មានជាតិ

ប្រធានរដ្ឋសភា រំពឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ អាចនឹងសម្រេចបាន ១៥ពាន់លានដុល្លារ នៅឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានរំពឹង យ៉ាងជឿជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងថៃ អាចនឹងសម្រេចបាន តាមគោលដៅគ្រោងទុក ក្នុងទំហំទឹកប្រាក់ ១៥ពាន់លានដុល្លារនាឆ្នាំ២០២៥ខាងមុខនេះ ខណៈកាលពីឆ្នាំ ២០២៣សម្រចបានជាង៩ ពាន់លានដុល្លារ។

ការរំពឹងរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជាបែបនេះ នៅក្នុងឱកាសសម្តេចអនុញ្ញាតឱ្យ លោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតប្រទសថៃប្រចាំ កម្ពុជាដែលត្រូវចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលានៅវិមានរដ្ឋសភា ក្នុងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ។

នៅក្នុងជំនួបសម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឯកអគ្គរាជទូតឆឺតគៀត អាត់ថាកន ក៏ដូចជាឯកអគ្គរាជទូតមុនៗ ដែលបានខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការបំពេញតួនាទីរបស់ខ្លួនប្រកបដោយបទពិសោធន៍និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តថែរក្សា ពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយកាន់តែល្អប្រសើរ ទូលំទូលាយ និងស៊ីជម្រៅ ក្នុងនោះការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល ថ្នាក់បច្ចេកទេសនៅគ្រប់កម្រិត ការសម្របសម្រួលនិងជំរុញពាណិជ្ជកម្ម និងវិនិយោគ សុខាភិបាល អប់រំ និង វប្បធម៌ ជាដើម។ ក្នុងឱកាសនោះដែរលោកទូតដែលចប់អាណត្តិរបស់ប្រទេសថៃ ក៏បានបង្ហាញនូវសុទិដ្ឋិនិយ មលើកំណើនសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មប្រទសទំាងពីរផងដែរ ជាពិសេសទំនាក់ទំនងកម្ពុជានិងថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំហើយនោះ កាន់តែជិតស្និទ្ធនិងរឹងមាំឡើង នៅលើគ្រប់វិស័យ នៅក្នុងនោះវិស័យពាណិជ្ជកម្ម ត្រូវបានពង្រីកគួរឱ្យកត់សម្គាល់។ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជា ជាដៃគូផ្នែកពាណិជ្ជកម្ម សំខាន់មួយ ហើយចំនួនទេសចរថៃ ក៏ឈរនៅលំដាប់ទី១ផងដែរ។លោកក៏សង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជា កាន់ច្រើនថែមទៀត នាពេលអនាគត ។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ជំហរថារដ្ឋសភាកម្ពុជាស្វាគមន៍ ជានិច្ចនូវរាល់កិច្ចសហការ ជាមួយប្រទេសថៃ នៅក្នុងការពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្រ្ត ឱ្យបានចេញជាលទ្ធផល កាន់តែច្រើនបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ប្រទេសទំាងពីរ មិនថានៅក្នុងវិស័យ ការទូតសភា ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍នោះទេ ។ នៅក្នុងនោះ រួមទាំងការជំរុញ និងគំាទ្រនូវយន្តការព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍តែមួយ ជាដើម ៕

To Top