ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប និងហ្ស៊កដានី ច្រានចោលការអះអាង របស់អ៊ីស្រាអែល អំពីការរត់ពន្ធ អាវុធពីអេហ្ស៊ីប ចូលទៅក្នុងតំបន់ហ្គាហ្សា

AFP

គែរ ៖ ប្រទេសអេហ្ស៊ីប បានច្រានចោល កាលពីថ្ងៃអង្គារការអះអាងរបស់អ៊ីស្រាអែល ដែលថាទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់ ដើម្បីរត់ពន្ធអាវុធចូល ទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រសួងការបរទេសអេហ្ស៊ីបបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសអេហ្ស៊ីបបដិសេធទាំងស្រុងនូវសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលតាមរយៈនោះលោកបានព្យាយាម ទាញឈ្មោះរបស់ប្រទេសអេហ្ស៊ីបទៅក្នុងជម្លោះ ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជនអ៊ីស្រាអែល”។

ការអះអាងរបស់លោក ណេតាន់យ៉ាហ៊ូ មានគោលបំណងបង្ហាញអំពីភាពត្រឹមត្រូវ នៃគោលនយោបាយឈ្លានពាន និងញុះញង់របស់រដ្ឋាភិបាលលោក រារាំងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា និងការផ្លាស់ប្តូរចំណាប់ខ្មាំង និងអ្នកឃុំឃាំង និងរារាំងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដែលធ្វើឡើងដោយអេហ្ស៊ីប កាតា និងសហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា អេហ្ស៊ីបបានចាត់ទុករដ្ឋាភិបាលអ៊ីស្រាអែល ទទួលខុសត្រូវ ចំពោះផលវិបាកនៃការទាមទារបែបនេះ ដែលអាចធ្វើឲ្យស្ថានការណ៍ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើង។

ក្រសួងបានបន្ថែមថា អេហ្ស៊ីប នឹងបន្តដើរតួនាទីរបស់ខ្លួន ក្នុងការដឹកនាំដំណើរការសន្តិភាពក្នុងតំបន់។ កាលពីថ្ងៃអង្គារផងដែរ ក្រសួងការបរទេសហ្ស៊កដានី បានបរិហារការអះអាង របស់លោក ណេតាន់យ៉ាហ៊ូ ថាជាការចោទប្រកាន់គ្មានមូលដ្ឋាន ក្នុងគោលបំណងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង សម្របសម្រួលលើកិច្ចព្រមព្រៀង បទឈប់បាញ់ហ្គាហ្សា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top