បរទេស៖ ត្រីបាឡែនស ដែលធ្លាប់ត្រូវបានប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចចោទប្រកាន់ថា ជាចារកម្មរុស្ស៊ីទំនងជាត្រូវបានបាញ់សម្លាប់ ក្រុមសិទ្ធិសត្វចំនួនពីរបានអះអាងបែបនេះ បន្ទាប់ពីសាកសពរបស់សត្វនេះ ត្រូវបានរកឃើញនៅប្រទេស ន័រវេសកាលពីចុងសប្តាហ៍មុន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមសិទ្ធសត្វ OneWhale និង NOAH បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានដាក់ពាក្យ បណ្ដឹងទៅប៉ូលីសន័រវេស ដោយជំរុញឱ្យពួកគេបើកការ ស៊ើបអង្កេតឧក្រិដ្ឋកម្មលើការ ស្លាប់របស់តហរីបាឡែនសនេះដែលមានឈ្មោះថា Hvaldimir ។ ក្រុមសកម្មជនបានផ្សព្វផ្សាយរូបភាព ជាច្រើននៃត្រីបាឡែន ដែលបានស្លាប់ដោយមានស្នាមរបួស ដោយគ្រាប់កាំភ្លើងជាច្រើនដែលអាច មើលឃើញនៅលើដងខ្លួនរបស់វា។
Regina Haug ស្ថាបនិក OneWhale ដែលជាក្រុមឧទ្ទិស ដល់ការការពារ Hvaldimir បាននិយាយថា “នៅពេលដែលខ្ញុំបានឃើញ រាងកាយរបស់ត្រីបាឡែន និងរបួសជាច្រើន ខ្ញុំដឹងភ្លាមៗថា វាត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើង។ ខ្ញុំថែមទាំងឃើញគ្រាប់កាំភ្លើងមួយគ្រាប់ដាក់ក្នុងខ្លួនរបស់វាថែមទៀតផង។ មិនមានសំណួរទេដែលថាសត្វដ៏ ស្លូតបូតបែបនេះត្រូវបានសម្លាប់ ដោយមិនសមហេតុសមផល” ។
ត្រីបាឡែននេះត្រូវបានគេប្រទះ ឃើញងាប់នៅឆ្នេរសមុទ្រ Risavika ភាគខាងត្បូងប្រទេសន័រវេសកាលពីចុងសប្តាហ៍ ហើយបច្ចុប្បន្នកំពុងត្រូវ បានពិនិត្យដោយអ្នកជំនាញមកពីវិទ្យាស្ថាន បសុពេទ្យន័រវេស។ លទ្ធផលផ្លូវការនៃការធ្វើកោសល្យវិច័យត្រូវបានរំពឹងថានឹងមកដល់ “ក្នុងរយៈពេលបីសប្តាហ៍” ។
Siri Martinsen នាយក NOAH ដែលជាក្រុមសិទ្ធិសត្វដ៏ធំបំផុតរបស់ប្រទេសន័រវេសបាននិយាយថា “ការរងរបួសនៅលើត្រីបាឡែនគឺគួរឱ្យព្រួយបារម្ភ និងមានលក្ខណៈដែលមិនអាចដកចេញពីអំពើឧក្រិដ្ឋកម្មបាន វាពិតជាគួរឱ្យតក់ស្លុតណាស់។ ដោយមានការសង្ស័យពីអំពើឧក្រិដ្ឋកម្ម វាជារឿងសំខាន់ដែលប៉ូលិសត្រូវចូលរួមយ៉ាង ឆាប់រហ័ស។ ត្រីបាឡែន Hvaldimir មានសារៈសំខាន់ចំពោះមនុស្សជាច្រើន ហើយការពិតទាំងអស់ ត្រូវតែបង្ហាញអំពីការស្លាប់របស់វា”៕
ប្រែសម្រួលៈ ណៃ តុលា