ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនរដ្ឋកូរ៉េខាងត្បូង នឹងអភិវឌ្ឍតំបន់ទីក្រុងថ្មី នៅក្នុងប្រទេសវៀតណាម

សេអ៊ូល៖ ក្រុមហ៊ុន Korea Land & Housing Corporation ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋាភិបាលរបស់កូរ៉េខាងត្បូង នឹងអភិវឌ្ឍគម្រោងតំបន់ទីក្រុងភាគអាគ្នេយ៍ នៅទីក្រុងបាក់និញ ភាគខាងជើងប្រទេសវៀតណាម។

គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត និង ​បញ្ចប់​ក្នុង​អំឡុង​ឆ្នាំ ២០២៥-២០៦០។ សាជីវកម្មគ្រប់គ្រងដោយរដ្ឋាភិបាល គ្រោងនឹងជំរុញការវិនិយោគ របស់ខ្លួនលើលំនៅដ្ឋាននៅក្នុងប្រទេសវៀតណាម តាមរយៈតំបន់ទីក្រុងថ្មី ដែលគ្រប់គ្រងដោយខេត្តបាក់និញ។

គម្រោងនេះនឹងគ្របដណ្តប់លើផ្ទៃដីប្រហែល ៨,៥ លានម៉ែត្រការ៉េ និងអាចស្នាក់នៅបាន ៤៩,០០០ គ្រួសារដែលមានប្រជាជនជិត ១៥៦,០០០នាក់។

ខេត្តបាក់និញ គឺជាកន្លែងសម្រាប់រោងចក្រជាច្រើនដែលគ្រប់គ្រងដោយក្រុមហ៊ុនអន្តរជាតិធំៗ និងក្រុមដូចជា Samsung និង Hanwha របស់កូរ៉េខាងត្បូង និងក្រុមហ៊ុន Foxconn របស់តៃវ៉ាន់។

វៀតណាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​បី​របស់​កូរ៉េ​ខាង​ត្បូង បន្ទាប់​ពី​ចិន​ដីគោក និង​សហរដ្ឋ​អាមេរិក។ យោងតាមកាសែត Donga Daily បានឱ្យដឹងថា ប្រទេសវៀតណាម បានក្លាយជាឱកាសក្នុងវិស័យដីធ្លី សម្រាប់ក្រុមហ៊ុនសំណង់កូរ៉េខាងត្បូង។

គួរបញ្ជាក់ថា វៀតណាមមានបំណងជំរុញអត្រានគរូបនីយកម្មដល់ ៥០ភាគរយនៅឆ្នាំ២០៣០ ពី ៤៣ភាគរយនាពេលបច្ចុប្បន្ន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top