Covid-19

គិតត្រឹមថ្ងៃទី២៩ មីនា អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន១០៣នាក់ ខណៈអ្នកជាសះស្បើយ កើនដល់ ២១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បញ្ជាក់ថាគិតត្រឹមថ្ងៃទី២៩ មីនា ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុបមាន១០៣ នាក់ ចំណែកចំនួនអ្នកជាសះស្បើយកើនដល់២១ នាក់និងគ្មានអ្នកស្លាប់នោះទេ។

ចំពោះថ្ងៃទី២៩មីនាវិញ ក្រសួងបានរកឃើញ ១ករណីថ្មីទៀត ជាជនជាតិខ្មែរ វិជ្ជមានវីរុសកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ និងអ្នកព្យាបាលជាសះស្បើយ ចំនួន៨ នាក់ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (០៥នាក់) នៅបាត់ដំបង (០១នាក់) កំពង់ឆ្នាំង (០១នាក់) និងព្រះវិហារ (០១នាក់)។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋកុំប្រើប្រាស់ ឧបករណ៍ធ្វើតេស្តរហ័ស រកវីរុសកូវីដ១៩ ជាមធ្យោបាយ ក្នុងការរកវីរុសកូវីដ១៩ ដោយខ្លួនឯងឲ្យសោះ។ បច្ចុប្បន្នមានការផលិតឧបករណ៍ ធ្វើតេស្តរហ័សច្រើន តែរហូតមកដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់់ ពីអង្គការសុខភាពពិភពលោក នូវភាពត្រឹមត្រូវនិងប្រសិទ្ធភាព នៃការធ្វើតេស្តរហ័ស រកវីរុសកូវីដ១៩នេះ នៅឡើយទេ ជាពិសេសប្រសិទ្ធភាព នៃការធ្វើតេស្តរហ័សបែបនេះ គឺនៅមានទាបណាស់ ហើយក៏ចេញលទ្ធផល មកមិនច្បាស់លាស់ដែរ។ ម្យ៉ាងវិញទៀតឧបករណ៍ ធ្វើតេស្តរហ័សមិនទាន់មាន ការទទួលស្គាល់ ពីក្រសួងសុខាភិបាល ហើយជនណា ដែលយកឧបករណ៍នេះ មកផ្សព្វផ្សាយលក់ ជាសាធារណៈ ដោយមិនមានការអនុញ្ញាត ពីក្រសួងសុខាភិបាល ត្រូវផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមាន។

ក្រុមការងារ របស់ក្រសួងសុខាភិបាល កំពុងតែធ្វើកិច្ចការស្រាវជ្រាវ ករណីថ្មីជាបន្តទៀត ហើយនឹងជម្រាបជូន ដល់បងប្អូនសាធារណជន ប្រសិនបើមានរកឃើញ ករណីវិជ្ជមានវីរុសកូវី១៩ថ្មី ណាផ្សេងទៀត៕

To Top