ភ្នំពេញៈ សហជីពនៅកម្ពុជា បានលើកឡើងថា គម្រោងបង្កើតមូលនិធិម្នាក់១ម៉ឺនដុល្លារ ជួយអភិវឌ្ឍខេត្តខ្មែរ ក្នុងលក្ខខណ្ឌ ឱ្យរដ្ឋាភិបាលដកខ្លួនពី CLV នោះគឺជាក្បាច់បោកប្រាស់ ចាស់គំរឹល ដើម្បីប្រមូលយកលុយ របស់ជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ក្នុងគោលបំណងបង្កចលាចល ផ្តួលរំលំរដ្ឋាភិបាល ។
លោកអ៊ុន ដារ៉ា ប្រធានសហភាព សហជីពកម្ពុជា ពន្លឺកម្មករ សម្តែងការហួសចិត្ត ដែលក្រុមប្រឆំាងគ្រោងបង្កើតមូលនិធិ ដើម្បីប្រមូលលុយ ពីបងប្អូន រហូតដល់ខ្ទង់ម៉ឺនដុល្លារ ។ លោកថាការយកលេស CLV ទៅបង្កើតមូលនិធិជួយអភិវឌ្ឍខេត្តទាំង៤នោះ គឺជាការបោកប្រាស់ជាក់ស្តែង ហើយបងប្អូន ដែលចូលរួមមូលនិធិនោះ នឹងខាតបង់លុយចោលទទេមិនខាន ។

លោកថ្លែងថា ៖ «គេប្រមូលលុយទៅអត់មានធ្វើអីទេ យកលុយយើងទៅ ដើម្បីដាក់ហោប៉ៅពួកគេទេ ចឹងខ្ញុំសុំឱ្យបងប្អូនពិចារណា ហើយជឿជាក់ លើរាជរដ្ឋាភិបាល របស់យើង លោកមានសុភនិច្ឆ័យច្បាស់លាស់ លោកគិតគូរច្បាស់ណាស់ មិនមែនលោកដូចពួកនោះ ចេះតែដើរបោកពេញ វាលពេញកាលចឹងទេ ចឹងខ្ញុំសុំឱ្យបងប្អូន យើងពិចារណាឡើងវិញ» ។
លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្កើតមូលនិធិ ម្នាក់១ម៉ឺនដុល្លារ ដើម្បីអភិវឌ្ឍខេត្តខ្មែរ គឺជាការបោកប្រាស់ទាំងស្រុង ដែលមានជនក្បត់ជាតិ ៣ជំនាន់នៅពីក្រោយខ្នង ព្រោះការប្រមូលលុយលើកណាក៏ដោយ មិនដែលបានធ្វើជា ប្រយោជន៍ណាមួយសម្រាប់ប្រទេសជាតិឡើយ ជាក់ស្តែងយកទៅដាក់តែហោប៉ៅខ្លួនឯង ។

លោកថ្លែងថា៖«ខ្ញុំគិតថា វាគឺជារឿង បោកប្រាស់ទាំងស្រុង ដោយមានជនក្បត់ជាតិ៣ជំនាន់នៅពីក្រោយ ។ ដោយមានបទពិសោធ ស្រាប់ទាក់ទងការ រៃលុយជាមួយបងប្អូន ប្រជាពលរដ្ឋ ក៏ដូចបងប្អូនកម្មករ នៅទូទាំងប្រទេសកន្លងមកគឺ រៃលុយ ដើម្បីតែអត្ថប្រយោជន៍ផ្ទាល់ខ្លួន របស់ក្រុមឧទ្ទាមក្រៅ ច្បាប់តែប៉ុណ្ណោះ ហើយរូបភាពនេះ ខ្ញុំសូមបញ្ជាក់ថា គឺជារូបភាពបោកប្រាស់សុទ្ធសាធរបស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងអស់» ។
ចំណែក លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ ដែលមិនបានស្វែងយល់ ហើយស្តាប់តែ តាមក្រុមប្រឆាំងមួយក្តាប់តូចនៅក្រៅប្រទេសកុហកបោកប្រាស់នោះ នឹងខាតបង់លុយដោយឥតប្រយោជន៍មិនខាន ។

លោកថ្លែងថា៖ «រាជរដ្ឋាភិបាល រួមទាំងពួកខ្ញុំ ជាប្រជាពលរដ្ឋនៅទីនេះគឺមិនអនុញ្ញាតឱ្យ ប្រទេសណារំលោភលើបូរណភាពទឹកដី ហើយក៏មិនអនុញ្ញាត ឱ្យគេមកយកដី យើងសូម្បីតែមួយមិល្លីមែត្រ នោះដែរ យើងក៏ចេះស្នេហាជាតិដែរ យើងក៏ចេះស្រលាញ់ទឹកដីដែរ សូមអំពាវនាវដល់បងប្អូនយើងបញ្ឈប់ ការចាញ់បោករបស់ជនអគតិ មួយចំនួននៅក្រៅប្រទេស ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាល»៕
