ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងប្រតិភូចិន ជួបពិភាក្សាគ្នា លើការងារអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗ នៅកម្ពុជា

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ កញ្ញា បានជួបទទួលទានអាហារជាមួយ លោក Zheng Shanjie ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC) ព្រមទាំងបន្តជួបជាមួយ លោក Wu Hao អគ្គលេខាធិការ នៃ NDRC ដើម្បីពិភាក្សាលើការងារអភិវឌ្ឍន៍គម្រោងវិនិយោគសំខាន់ៗ នៅកម្ពុជា។

ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចការងារអភិវឌ្ឍន៍គម្រោងវិនិយោគមួយចំនួនដែលវិនិយោគិនចិនបានបណ្ដាក់ទុន រួចរាល់នៅកម្ពុជា ដើម្បីធានាឲ្យគម្រោងការងារទាំងអស់អាចអនុវត្តទៅដោយជោគជ័យ ក្រោមការជំរុញពន្លឿននីតិវិធីការងាររវាងភាគីទាំងពីរកម្ពុជា-ចិន ក្នុងគោលដៅរួម ឲ្យគម្រោងទាំងអស់សម្រេចបានឆាប់រហ័ស ដើម្បីបម្រើប្រយោជន៍ជាតិកម្ពុជា។

ជាក់ស្ដែង ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន បានបង្ហាញការប្តេជ្ញាចិត្តនឹងជួយជំរុញឲ្យក្រុមហ៊ុនចិន ដែលវិនិយោគក្នុងគម្រោងនេះអនុវត្តការងារឲ្យសម្រេចបានលទ្ធផលតាមកាលកំណត់ ឬមុនកាលកំណត់ ដែលបានដាក់ចេញក្រោមការឯកភាពពីរាជ រដ្ឋាភិបាលកម្ពុជា គឺអំឡុងឆ្នាំ២០២៨។

តាមរយៈទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ប្រទេសចិនបានជួយវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយក្នុងនោះមានផ្លូវប្រវែងជាង ៣០០០គីឡូម៉ែត្រ និងស្ពានចំនួន១៦ ឆ្លងកាត់ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងទន្លេដ៏ទៃ ទៀតត្រូវបានសាងសង់ឡើង ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះបានតភ្ជាប់សហគមន៍ សម្រួលពាណិជ្ជកម្ម ការដឹកជញ្ជូន ជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនផងដែរ។

សូមរំលឹកថា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងសៀមិន និងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦-១០ កញ្ញា ឆ្នាំ២០២៤៕

To Top