ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញប្រត្តិកម្មភ្លាមៗ ឆ្លើយតបនឹង សារសំឡេង ដែលកំពុង មានការចែកចាយជាបន្តបន្ទាប់ នូវព័ត៌មានថា នឹងមានការបិទទីក្រុងភ្នំពេញ ទាក់ទិននឹងការរីករាលដាល នៃជំងឺកូវីដ១៩នេះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចល់ វឹកវរ ក្នុងសង្គម ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ក្នុងនាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ខ្ញុំសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា សារសំលេង ដែលកំពុងចែកចាយតាម Messenger និងគ្រុប Social Media មួយចំនួនទៀត ក្នុងរយៈពេលប៉ុន្មានម៉ោង ចុងក្រោយនេះថា នឹងមានការបិទក្រុងនោះ ជាការប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងចេតនាបង្កចលាចល វឹកវរក្នុងសង្គមតែប៉ុណ្ណោះ” ។
លោកបានបន្ថែមថា “នេះជាចេតនាធ្វើអោយមានការសំរុក ទិញទំនិញមកស្តុកបម្រុងទុក ដែលនាំអោយជនឆ្លៀតឱកាស ឡើងតំលៃថ្លៃផងដែរ”។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា “រដ្ឋបាលរាជធានីភ្នំពេញ សូមច្រានចោលព័ត៌មានក្លែងក្លាយនេះ ទាំងស្រុង និងសូមអំពាវនាវ ជនរួមជាតិទាំងអស់ មេត្តាកុំជឿ និងកុំបន្តចែកចាយ នាំមានការយល់ច្រឡំ ដល់ប្រជាពលរដ្ឋដទៃទៀត ហើយចូលរួមទប់ស្កាត់ ការចរាចរព័ត៌មានអកុសលទាំងនេះ ដោយសហការផ្តល់អត្តសញ្ញាណ ជនល្មើស ឈានដល់ការឃាត់ខ្លួន មកផ្តន្ទាទោសតាមច្បាប់៕