ឡុងដ៍៖ បុគ្គលិកពេទ្យចិនមួយក្រុម បានមកដល់អាកាសយានដ្ឋាន Heathrow ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុស COVID-19 ។
យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមពេទ្យដែលមានសមាជិក ១៥ នាក់មកពីខេត្តសានដុង ភាគខាងកើតរបស់ប្រទេសចិន រួមមានអ្នកជំនាញ ខាងវេជ្ជសាស្ត្រចំនួន ៦ នាក់ ដែលមានជំនាញខាងការការពារ និងគ្រប់គ្រងជំងឺ, ឱសថបុរាណចិន និងវេជ្ជសាស្ត្រលោកខាងលិច និងការប្រឹក្សាខាងចិត្តសាស្ត្រ។
ក្រុមនេះ បាននាំយកសម្ភារៈពេទ្យ ដែលនឹងត្រូវបរិច្ចាគ ទៅមន្ទីរពេទ្យក្នុងស្រុក និងសហគមន៍ចិន។ យោងតាមអ្នកការទូតចិននៅទីនេះ ក្រុមពេទ្យទាំងនោះ ក៏នឹងផ្តល់ប្រឹក្សាសុខភាព ដល់សហគមន៍ចិនផងដែរ។
សូមជម្រាបថា អ្នកជំងឺចំនួន ១.០១៩ នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមាន ជំងឺកូវីដ១៩ បានស្លាប់នៅចក្រភពអង់គ្លេស គិតត្រឹមរសៀលថ្ងៃសុក្រ។ នេះបើយោងតាមតួលេខ ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយនាយកដ្ឋានសុខាភិបាល និងថែទាំសង្គម។ គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ចំនួនករណីដែលបានឆ្លង នៅចក្រភពអង់គ្លេស បានកើនឡើងដល់ ១៧.០៨៩ នាក់៕
ប្រែសម្រួលៈ ណៃ តុលា