ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិនថ្លែងថា ៖ កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយអាហ្រ្វិកគួរប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ និងសម្រេចបាននូវសមភាព និងផ្តួចផ្តើមឱ្យប្រកាន់អាកប្បកិរិយាជាក់ស្តែង

នៅថ្ងៃទី១០ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានបានសួរសំណួរអំពីការលើកឡើងនូវអ្វីដែលហៅថា “អន្ទាក់បំណុល” ។ ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានឆ្លើយថា នៅពេលដែលលោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានជួបជាមួយអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលក្រុងប៉េកាំង លោកបានបូកសរុបនូវលក្ខណៈពិសេសមួយចំនួននៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសចិន និងអាហ្វ្រិកមានដូចជា៖
ទីមួយគឺ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិក នឹងផ្តល់ជំនួយដល់ប្រទេសអាហ្រ្វិកដោយស្មោះត្រង់។ ទីពីរគឺ ត្រូវធ្វើការស្របតាមតម្រូវការអភិវឌ្ឍន៍របស់អាហ្រ្វិក ផ្តោតសំខាន់លើការលើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍ដោយឯករាជ្យម្ចាស់ការរបស់អាហ្វ្រិក។ ទីបីគឺ មិនធ្វើការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ប្រឆាំងនឹងការបង្កការប្រឈមមុខដាក់គ្នាជាក្រុមនៅទ្វីបអាហ្វ្រិក និងប្រឆាំងនឹងការប្រើប្រាស់ទ្វីបអាហ្រ្វិកធ្វើជាលេស ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកស្រី Mao Ning បានលើកឡើងថា ការពិតជាក់ស្តែងគឺ ចាប់តាំងពីបានបង្កើតឡើងអស់រយៈពេល ២៤ ឆ្នាំមក វេទិកាសហប្រតិបតិ្តការចិន-អាហ្វ្រិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ទ្វីបអាហ្រ្វិក និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនអាហ្វ្រិក។ ពិសេសថ្នាក់ដឹកនាំនៃប្រទេសអាហ្វ្រិកជាច្រើនរូបដូចជាលោក Matamela Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូងជាដើមបានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលក្រុងប៉េកាំងថា ការវិនិយោគរបស់ចិននៅទ្វីបអាហ្រ្វិក គឺជាកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយមិនមែនរុញច្រានអាហ្រ្វិកឱ្យធ្លាក់ចូលក្នុង “អន្ទាក់បំណុលរបស់ចិន” នោះទេ៕

To Top