ព្រះសីហនុ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធបន្ដអភិវឌ្ឍ សមិត្ថភាពរបស់ខ្លួនថែមទៀត ដើម្បីរួមចំណែក ក្នុងការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ប្រកបដោយភាពប្រកួតប្រជែង។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ខ្ញុំសូមធ្វើការផ្ដាំផ្ញើ និងលើកទឹកចិត្ដ ដល់ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបងប្អូនមន្រ្ដីរាជការ បុគ្គលិក កម្មករនិយោជិក នៃកំពង់ផែស្វយ័ត ក្រុងព្រះសីហនុទាំងអស់ សូមបន្ដខិតខំបំពេញការងារ ឱ្យកាន់តែប្រសើរ និងខ្លាំងក្លា ថែមទៀត ព្រមទាំងបន្ដអភិវឌ្ឍ សមិត្ថភាព របស់ខ្លួនថែមទៀត ដើម្បីរួមចំណែកក្នុងការធ្វើទំនើបកម្មកំពង់ផែកម្ពុជា ជាកំពង់ផែតំបន់ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់»។
សម្ដេចធិបតី ក៏បានណែនាំចំពោះគ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សូមបង្កើនកិច្ចសហការល្អ ឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយត្រូវបំពេញ មុខងារ និងភារកិច្ចក្នុងកិច្ចសហការ និងការសម្របសម្រួល ប្រកបដោយភាពរស់រវើក សហថាមពល និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញចលនការនៃការអភិវឌ្ឍកំពង់ផែកម្ពុជា ជាកំពង់ផែ តំបន់ប្រកបដោយ ភាពប្រកួតប្រជែង។
សម្ដេចធិបតី បន្ដថា ក្រសួងសាធារណការ និង ដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ និងគ្រប់អង្គភាពពាក់ព័ន្ធ ត្រូវខិតខំបំពេញភារកិច្ចរៀងៗខ្លួន ឱ្យកាន់តែប្រសើរ, ជាពិសេសការថែទាំសមិទ្ធផលថ្មីនេះគឺ «ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»។
សូមបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែសមុទ្រទឹកជ្រៅដ៏សំខាន់ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានផ្ទៃដីប្រតិបត្តិការប្រមាណ ១២៥ហិកតា ។ កំពង់ផែនេះ ស្ថិតនៅឈូងសមុទ្រកំពង់សោម ដែលជាកំពង់ផែទឹកជ្រៅតែមួយគត់ សម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រ៕