ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន៖ កិច្ចខិតខំរបស់សមាជិក មហាអនុតំបន់មេគង្គ ក្នុងការការពារជីវចម្រុះ និងលើកកម្ពស់គុណភាពបរិស្ថាន កំពុងត្រួសត្រាយផ្លូវ សម្រាប់អនាគតដ៏ភ្លឺស្វាង

ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី បរិស្ថានកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថាន នៃមហាអនុតំបន់ មេគង្គ បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់បណ្តាប្រទេស ជាសមាជិក នៃមហាអនុតំបន់មេគង្គ ក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារជីវចម្រុះ ការលើកកម្ពស់ គុណភាពបរិស្ថាន និងការដោះស្រាយការ ប្រែប្រួលអាកាសធាតុ កំពុងត្រួសត្រាយ ផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាង។

ក្នុងឱកាសរៀបចំ ពិធីជប់លាង ជាកិត្តិយសជូនគណៈប្រតិភូរដ្ឋមន្រ្តីបរិស្ថាន នៃបណ្តាប្រទេសជាសមាជិក នៃមហាអនុតំបន់ មេគង្គ ចំនួន៦ ប្រទេស រួមមាន ប្រទេសចិន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោករដ្ឋមន្រ្តីបរិស្ថានកម្ពុជា បានថ្លែងស្វាគមន៍ដល់ប្រតិភូរដ្ឋមន្រ្តីបរិស្ថានទាំងអស់ ដែលបានអញ្ជើញចូលរួម ហើយបានថ្លែងពីវឌ្ឍនភាព ដែលប្រទេសទាំងអស់ក្នុងតំបន់ បានធ្វើក្នុងការដោះស្រាយ បញ្ហាប្រឈមផ្នែកបរិស្ថាន ដ៏មានសារៈសំខាន់នាពេលកន្លងមក។

លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព ការការពារជីវចម្រុះ ការលើកកម្ពស់គុណភាពបរិស្ថាន និងការដោះស្រាយ ការប្រែប្រួលអាកាសធាតុ កំពុងត្រួសត្រាយផ្លូវ សម្រាប់អនាគតដ៏ភ្លឺស្វាង» ។

លោកបន្ថែមថា មហាអនុតំបន់មេគង្គ បានប្រឈមមុខ នឹងភាពស្មុគស្មាញជាច្រើន ដែលទាមទារមិនត្រឹម តែការបន្តការ ប្តេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែមានកិច្ច សហប្រតិបត្តិការ និងភាពច្នៃប្រឌិត និងឆន្ទៈក្នុងការចែករំលែក អនាគតរបស់យើង និងរីកចម្រើនជាមួយគ្នា។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាននៃមហាអនុតំបន់មេគង្គ GMS គឺជាវេទិកាកម្រិតខ្ពស់ ដែលរដ្ឋមន្ត្រីបរិស្ថានមកពីបណ្តាប្រទេស GMS មករួមគ្នាដើម្បីពិភាក្សា និងសម្របសម្រួលយុទ្ធសាស្ត្រ និងគោលនយោបាយ បរិស្ថានក្នុងតំបន់។ កិច្ចប្រជុំ មានគោលបំណងពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបរិស្ថាននៅក្នុងតំបន់ ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សនេះ។ រៀងរាល់បីឆ្នាំម្តង រដ្ឋមន្ត្រីបរិស្ថានមកពីប្រទេស GMS ចំនួនប្រាំមួយជួមប្រជុំគ្នា ដើម្បីពិនិត្យមើលវឌ្ឍនភាព និងកំណត់របៀបវារៈសម្រាប់កិច្ចសហប្រតិបត្តិការបរិស្ថាន នៅក្នុងតំបន់ក្រោមកម្មវិធីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច GMS ។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថាន លើកទី៦ ត្រូវបានគេរំពឹងថានឹងអនុម័ត នូវឯកសារសំខាន់ចំនួន២ គឺ ៖(១) ក្របខ័ណ្ឌយុទ្ធសាស្រ្ត GMS 2030 សម្រាប់ការពន្លឿន សកម្មភាពអាកាសធាតុ និងចីរភាពបរិស្ថាន និង (២) សេចក្តីថ្លែងការណ៍រួមរាជធានីភ្នំពេញ ស្តីពីការទប់ស្កាត់ការបំពុលប្លាស្ទិក នៅក្នុងGMS ។ ដល់ការចែករំលែក ចំណេះដឹងក្នុងតំបន់ និងការកសាងសមត្ថភាព នៅទូទាំង GMS ក៏ដូចជាកំណត់កម្មវិធីឆ្ពោះទៅមុខដើម្បីដោះស្រាយបញ្ហា នៃការប្រែប្រួលអាកាសធាតុ និងបរិស្ថាន៕

To Top