បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត ក្នុងស្រុក របស់ប្រទេសស៊ីរី Al-Watan បានអះអាង កាលពីថ្ងៃពុធថា ក្រុមកងកម្លាំងយោធាមួយក្រុម មកពីប្រទេសអ៊ុយក្រែន បានធ្វើដំណើរមកដល់ខេត្ត Idlib ភាគខាងជើងនៃប្រទេសស៊ីរី ដើម្បីបណ្តុះបណ្តាលពួក សកម្មប្រយុទ្ធពីក្រុមភេរវករ Hayat Tahrir al-Sham ។
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា អ្នកជំនាញយោធាអ៊ុយក្រែន សរុបប្រមាណជា២៥០ នាក់បានមកដល់ប្រទេសស៊ីរី ហើយត្រូវបានបំបែក ទៅសិក្ខាសាលាឧស្សាហកម្ម និងកន្លែងជាច្រើននៅក្នុងខេត្ត Idlib ដែលកំពុងគ្រប់គ្រង ដោយក្រុមពួកឧទ្ទាម និង ពួកសកម្មប្រយុទ្ធអ៊ីស្លាមផង។
អ្នកឯកទេសអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទៅកាន់ប្រទេសនេះ ដើម្បីបណ្តុះបណ្តាលពួកសកម្មប្រយុទ្ធភេរវករ ក្នុងការផលិត និងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (UAVs)។
ទន្ទឹមនឹងនេះក្រុមភេវេរកម្មស៊ីរី Al-Watan ក៏បានអះអាងផងដែរ ដោយដកស្រង់ប្រភព នៅក្នុងខេត្ត Idlib ថា ប្រធាននាយកដ្ឋានស៊ើបការណ៍ សំខាន់របស់អ៊ុយក្រែន (GUR) លោក Kirill Budanov តែងតែមានទំនាក់ទំនងឥតឈប់ឈរ ជាមួយមេដឹកនាំក្រុមភេរវករ Hayat Tahrir al-Sham លោក Abu Mohammad Julaniរហូតមក ។
ប្រភពព័ត៌មាន បានអះអាងទៀតថា អ្នកទាំងពីរត្រូវបានចោទប្រកាន់ថា កំពុងពិភាក្សាអំពីការ ជ្រើសរើសក្រុមសកម្មប្រយុទ្ធ ដើម្បីចូលរួមក្នុង ប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសរុស្ស៊ី ដោយកត់សម្គាល់ថា ការជ្រើសរើសគឺធ្វើឡើងជាចម្បង ក្នុងចំណោមប្រជាជន មកពីបណ្តាប្រទេស ក្រោយសម័យ សូវៀត ហើយការត្រៀមរៀបចំក៏ដូចជាការផ្ទេរពួកគេ ទៅកាន់អ៊ុយក្រែនជាដើមហើយវា បានដំណើរការយ៉ាងហោចណាស់ ជិតពីរខែមកហើយ ៕
ប្រែសម្រួល៖ស៊ុនលី