ព័ត៌មានជាតិ

សម្ដេចធិបតី ៖ ការបន្តកសាង មូលធនមនុស្ស គឺជាមូលដ្ឋាន នៃការអភិវឌ្ឍលើគ្រប់វិស័យ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាន នៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកស្រី លូរាល់ មីលឺ (Laurel. E Miller) ប្រធាន និងជានាយកប្រតិបត្តិ អង្គការមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។

នាឱកាសនោះ​ លោកស្រី លូរាល់ មីលឺ បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេប អំពីការងារសំខាន់ៗរបស់អង្គការមូលនិធិអាស៊ី ដែលមានប្រតិបត្តិការ នៅប្រទេសចំនួន២០ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល៧០ឆ្នាំ កន្លងមក និងវឌ្ឍនភាពការងារ នៃភាពជាដៃគូ របស់អង្គការមូលនិធិអាស៊ី នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក ។

ដោយមានការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងអង្គការមូលនិធិអាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា លោកស្រី នាយកប្រតិបត្តិ បានប្ដេជ្ញាបន្តភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា តទៀត ជាពិសេស តាមរយ:ការចូលរួមគាំទ្រ ដល់ក្របខ័ណ្ឌយុទ្ធសាស្រ្ត និងអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល។

សម្ដេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយអង្គការមូលនិធិអាស៊ី ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបាន ចែករំលែកអំពីអាទិភាព និងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សំដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្ដេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការបន្តកសាងមូលធនមនុស្ស ដែលជាមូលដ្ឋាននៃការជំរុញអភិបាលកិច្ច កំណើន និងការអភិវឌ្ឍ លើគ្រប់វិស័យ ហើយដែលកម្មវិធី របស់អង្គការមូលនិធិអាស៊ី នៅកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់។

លោកស្រីនាយកប្រតិបត្តិ ក៏បានឯកភាពជាមួយ សម្តេចធិបតីថា ការអភិវឌ្ឍមូលធនមនុស្ស គឺពិតជាស្នូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេស និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា​ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការដល់បុគ្គលិកបម្រើការរបស់អង្គការមូលនិធិអាស៊ី៕

To Top