ព័ត៌មានអន្តរជាតិ

មជ្ឈឹមបូព៌ា សាទរដំណោះស្រាយយូអិន ដែលទាមទារឱ្យបញ្ចប់ការ កាន់កាប់របស់អ៊ីស្រាអែល

Xinhua

រ៉ាម៉ាឡា៖ ការអនុម័តរបស់មហាសន្និបាត អង្គការសហប្រជាជាតិនៃដំណោះស្រាយ ដែលទាមទារឱ្យអ៊ីស្រាអែល បញ្ចប់ការកាន់កាប់របស់ខ្លួន ក្នុងរយៈពេលមួយឆ្នាំ បានទទួលការអបអរសាទរពីមជ្ឈិមបូព៌ា។

ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាម៉ូដ អាបាស បានស្វាគមន៍ចំពោះការ អនុម័តសេចក្តីសម្រេចនេះ ដោយនិយាយថា ការអនុម័តនៃដំណោះស្រាយ ដោយសំឡេងភាគច្រើនឆ្លុះបញ្ចាំង ពីមូលមតិអន្តរជាតិលើបុព្វហេតុប៉ាឡេស្ទីន និងជាជ័យជំនះ សម្រាប់សិទ្ធិសម្រេចដោយខ្លួនឯង និងរដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីន។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃដំណោះស្រាយ លោក អាបាស បានសម្តែងការដឹងគុណ ចំពោះប្រទេស ដែលបានបោះឆ្នោតគាំទ្រដំណោះស្រាយ និងបានគាំទ្រសិទ្ធិប៉ាឡេស្ទីន ដោយជំរុញឱ្យពួកគេចាត់វិធានការផ្ទាល់ខ្លួន និងជាសមូហភាព ដើម្បីបង្ខំអ៊ីស្រាអែលឱ្យគោរពតាមកាតព្វកិច្ច របស់ខ្លួនភ្លាមៗនៅក្រោមច្បាប់អន្តរជាតិ។

ដោយកត់សម្គាល់ថា ដំណោះស្រាយនេះត្រូវបាន អនុម័តនៅគ្រាប្រវត្តិសាស្ត្រមួយ នៅពេលដែលប៉ាឡេស្ទីន បានអង្គុយជាលើកដំបូងនៅក្នុងអាសនៈផ្លូវការ នៅមហាសន្និបាតអង្គការសហប្រជាជាតិ លោកប្រធានាធិបតីបានឲ្យដឹងថា ការយល់ស្របអន្តរជាតិលើដំណោះស្រាយនេះ ផ្តល់ក្តីសង្ឃឹមឡើងវិញ សម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលប្រឈមមុខនឹង “ការឈ្លានពាន និងការប្រល័យពូជសាសន៍ នៅតំបន់ហ្គាហ្សា និងតំបន់វេសបែង ខណៈដែលពួកគេខិតខំ ដើម្បីសេរីភាព ឯករាជ្យភាព និងការបង្កើតរដ្ឋរបស់ពួកគេ ជាមួយនឹងទីក្រុងយេរ៉ូសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។

របាយការណ៍បានឲ្យដឹងថា លោក អាបាស បានណែនាំក្រុមជាតិ ដែលទទួលខុសត្រូវក្នុងការតាមដានលើបញ្ហានេះ ដើម្បីធ្វើការលើការអនុវត្តបទប្បញ្ញត្តិនៃដំណោះស្រាយ។ ទន្ទឹមនឹងនោះ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ក៏បានស្វាគមន៍ចំពោះការអនុម័ត ដំណោះស្រាយនេះផងដែរ។

ក្រសួងបានសង្កត់ធ្ងន់លើតម្រូវការ ក្នុងការចាត់វិធានការជាក់ស្តែង និងគួរឱ្យទុកចិត្ត ដើម្បីឈានទៅដល់ដំណោះស្រាយដ៏ត្រឹមត្រូវ និងទូលំទូលាយមួយ ចំពោះបញ្ហាប៉ាឡេស្ទីន តាមរយៈគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ និងដំណោះស្រាយភាពស្របច្បាប់អន្តរជាតិ ក្នុងវិធីមួយដែលធានាដល់ប្រជាជនប៉ាឡេស្ទីន នូវសិទ្ធិផ្ទាល់ខ្លួនរបស់ពួកគេ ក្នុងការសម្រេចដោយខ្លួនឯង និងការបង្កើត។ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា រដ្ឋឯករាជ្យរបស់ពួកគេនៅលើព្រំប្រទល់ឆ្នាំ១៩៦៧ ជាមួយទីក្រុងយេរ៉ូសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top