ព័ត៌មានអន្តរជាតិ

EU ប្រកាសថា ប្រទេសជាច្រើន ដែលរងគ្រោះដោយទឹកជំនន់ នឹងទទួលបានទឹកប្រាក់ ចំនួន១០ពាន់លានអឺរ៉ូ ពីសហភាពអឺរ៉ុប

xinhua

WARSAW ៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានប្រកាសនៅក្នុងប្រទេសប៉ូឡូញ ថា ប្រទេសដែលរងគ្រោះ ដោយសារទឹកជំនន់ នឹងមានលទ្ធភាពទទួលបានមូលនិធិ ចំនួន១០ពាន់លានអឺរ៉ូ ស្មើនឹង១១ពាន់លានដុល្លារពីសហភាពអឺរ៉ុប ហៅកាត់ថា (EU) ។

គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុង Wroclaw ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីប៉ូឡូញ Donald Tusk នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆេក និងស្លូវ៉ាគី និងអធិការបតី អូទ្រីស ផងដែរ ។

នៅក្នុងអំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ លោក von der Leyen បានធានាការគាំទ្រ របស់សហភាពអឺរ៉ុប សម្រាប់ការស្តារឡើងវិញក្នុង រយៈពេលប៉ុន្មានខែ និងឆ្នាំខាងមុខ ។

កាលពីពេលថ្មីៗនេះ លោក Tusk បានប្រកាសពីស្ថានភាពនៃគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់ដែលរងគ្រោះដោយសារទឹកជំនន់របស់ប្រទេសប៉ូឡូញ ហើយបានសន្យាថា នឹងបែងចែកមូលនិធិសម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងការស្តារឡើងវិញ ។

ប្រទេសប៉ូឡូញ បាននិងកំពុងជួបប្រទះគ្រោះទឹកជំនន់ យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅតំបន់ភាគនិរតីរបស់ប្រទេសខ្លួន ដោយតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺនៅ Opole និងនៅ Lower Silesia។

គ្រោះទឹកជំនន់ បានបណ្តាលឱ្យខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ដោយធ្វើការជម្លៀសខ្លួន និងយ៉ាងហោចណាស់ មានមនុស្សចំនួន៧នាក់ បានស្លាប់នៅ ក្នុងប្រទេសប៉ូឡូញ ហើយសាធារណរដ្ឋឆេក ស្លូវ៉ាគី និងអូទ្រីស ក៏រងនូវផលប៉ះពាល់ដោយសារទឹកជំនន់ដល់កម្រិតផ្សេងៗគ្នាផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top