នយោបាយ

គណបក្សជំនាន់ថ្មី គាំទ្ររាជរដ្ឋាភិបាល ដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការ CLV

ភ្នំពេញ៖ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានប្រកាសគាំទ្រយ៉ាងពេញទំហឺង ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម ( (CLV-DTA) ។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងនោះក្រសួងការបរទេសកម្ពុជា ក៏បានផ្ញើសារលិខិតផ្លូវការ ទៅកាន់ភាគីវៀតណាម និងឡាវ រួចរាល់ហើយផងដែរ ។

ការដកខ្លួនចេញនេះ ដោយមានអំណះអំណាងថា ជាការគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។

ងាកមករឿងនយោបាយនេះវិញ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកនឹងត្រឡប់ចូលស្រុកខ្មែរវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយមេធាវីរបស់លោក បានធ្វើកិច្ចការផ្លូវច្បាប់ រួចរាល់ ជាមួយ តុលាការខេត្តរតនគិរី៕

To Top